លោកហ៊ុន ម៉ានិត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលបានខិតខំគៀងគរ អ្នកវិនិយោគិន ចូលមកបេីករោងចក្រ នៅកម្ពុជា ហើយក៏បានអំពាវនាវសូមឱ្យ បរទេស ជួយទិញផលិតផល និងកសិផលរបស់យើងផងដែរ ដែលផ្ទុយពីក្រុមជ្រុលនិយមមួយក្តាប់តូច តែងតែរត់ទៅរកបរទេស ដេីម្បីសុំផ្តាច់ជំនួយ ហេដ្ឋារចនាសម្ព័ន្ធ សុំកុំឱ្យមានការវិនិយោគទុន និងសុំកុំឱ្យមានការទិញផលិតផល កសិផល របស់កម្ពុជាយេីង ផងដែរ។
លោកហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ក៏បានថ្លែងថា ពេលប្រទេសយើងរីកចម្រើន ប្រជាពលរដ្ឋយើងនឹងទទួលផល ដោយជីវភាពរបស់ ប្រជាពលរដ្ឋយើងកាន់តែប្រសើរឡើង ការវិនិយោគក៏នឹងកេីតមានឡេីង ហើយប្រាក់ខែរបស់យើងក៏កេីនឡេីងទៅតាមនោះដែរ ពោលគឺស្ថេរភាពក្នុងប្រទេសក៏ល្អប្រសើរដែរ ដូច្នេះហើយទើបយើងត្រូវមើលឱ្យបានច្បាស់ តេីការរីកចម្រើនមកដល់សព្វថ្ងៃនេះដោយសារអ្នកណា? គឺរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន លោកបានគិតគូរអ្វីៗទាំងអស់ ដើម្បីជាតិ និងដេីម្បីប្រជាជនផងដែរ។
លោកថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ប្រមាណជាង៦០០០នាក់ នៅក្រុមហ៊ុនខាលីងតុន ស្រុកជេីងព្រៃ ខេត្តកំពង់ចាម នៅសៅរ៍នេះ៕ដោយនាគខៀវ