ព័ត៌មានទាន់ហេតុការណ៍ :

- ម្ចាស់ស្របច្បាប់ ព្រមានចាត់វិធានការផ្លូវច្បាប់លើ អធិការរងស្រុកវ៉ារិនមួយរូបនិងគូកន ដែលកំពុងចូលទៅរំលោភកាន់កាប់ដីរបស់គាត់ជិត៣៥ហិកតា - អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ
ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៤ ម៉ោង ១:៤៥ ល្ងាច

សម្តេចហេង សំរិន៖ យុវជនសម័យសន្តិភាព និងសម័យសង្រ្គាមខុសគ្នាស្រលះ

សម្តេចហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងថា ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ ក្រោមម្លប់សនិ្តភាពពេញលេញ និងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋពិតជា មានមោទនភាពយ៉ាងក្រៃលែងចំពោះសមិទ្ធផលជាប្រវត្តិសាស្រ្តជាច្រើនឥតគណនា ដែលកើតឡើងពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ក្នុងការស្តារ និងកសាងប្រទេសជាតិមួយដែលត្រូវបំផ្លិចបំផ្លាញ ញាំញី ដោយសារសង្គ្រាមដ៏រ៉ាំរ៉ៃអស់ច្រើនទស្សវត្សរ៍ ឱ្យក្លាយជាទឹកដីមួយ ដែលពោរពេញ ដោយសុខសន្តិភាព ស្ថិរភាព និងមានការរីកចម្រើនឥតឈប់ឈរ និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ឆ្ពោះទៅកាន់អនាគតដ៏រុងរឿង។

សម្តេចបានលើកឡើងដូច្នេះនៅក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំត្បូងចំនួន ១២៤៩ នាក់ នៅថ្ងៃចន្ទនេះ។

សម្តេចហេង សំរិន បានគូសបញ្ជាក់ថា វិស័យអប់រំ ជាវិស័យអាទិភាពមួយ នៅក្នុងគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។ រាជរដ្ឋាភិបាលបានកំណត់នូវគោលនយោបាយអាទិភាពសម្រាប់ការអភិវឌ្ឍជាតិ ទាំងក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល ដែលក្នុងនោះរួមមាន មនុស្ស ទឹក ផ្លូវ ភ្លើង និងការបង្ខិតសាលារៀនឱ្យជិតនឹងប្រជាពលរដ្ឋ។ហេតុនេះហើយទើបគ្រប់ឃុំ សង្កាត់ ស្រុក មិនថានៅទីប្រជុំជន ឬទីជនបទ តែងតែមានសាលារៀនរហូតដល់កម្រិតវិទ្យាល័យ និងស្ទើរតែគ្រប់ខេត្តមានរហូតដល់កម្រិតសាកលវិទ្យាល័យ។ ជាក់ស្តែងនៅខេត្តត្បូងឃ្មុំយើងនេះ ពីអតីតកាលមក មិនដែលមាន សាកលវិទ្យាល័យឡើយ ទើបតែសម័យនេះទេ ទើបមានសាកលវិទ្យាល័យដ៏ធំស្កឹមស្កៃ។

សម្តេចបានមានប្រសាសន៍លើកឡើងបន្តថា ធនធានមនុស្ស គឺជាកត្តាសំខាន់ និងមិនអាចខ្វះបានសម្រាប់កសាង និងអភិវឌ្ឍសង្គមជាតិ។ ប្រទេសនីមួយៗអាចរីកចម្រីន ជឿនលឿនទៅបាន គឺអាស្រ័យដោយមានធនធានមនុស្ស ប្រកបដោយចំណេះវិជ្ជា គតិបណ្ឌិត និងសីលធម៌ល្អ ដែលចេះគិតគូរដោះស្រាយរាល់បញ្ហាប្រកបដោយភាពឆ្លាតវៃ និងអាចដឹកនាំប្រកបដោយភាពប៉ិនប្រសប់។

កម្ពុជាពេលនេះកំពុងមានសុខសន្តិភាព មានភាពសុខដុមរមនា គ្មានជម្លោះ ជាអំពើហិង្សា និងសង្គ្រាម។ ក្រោមម្លប់សន្តិភាព ក្នុងរយៈពេលជាងពីរទសវត្សរ៍មកនេះ យុវជន យើងពិតជាមានឱកាសច្រើនណាស់ បើប្រៀបធៀបរវាងយុវជនសម័យសង្គ្រាម និងយុវជន សម័យសន្តិភាព គឺខុសគ្នាស្រលះ សឹងតែមិនអាចប្រៀបធៀបបានឡើយ។

សម្តេចហេង សំរិន បានគូសបញ្ជាក់ថា យុវជនសម័យសង្គ្រាម មិនត្រឹមតែបាត់បង់ឱកាសល្អៗ រីករាយគ្រប់យ៉ាងប៉ុណ្ណោះទេ ប៉ុន្តែត្រូវបាត់បង់ទាំងជីវិត ឬត្រូវរបួសពិការទៀតផង។ យុវជនសម័យសន្តិភាព គឺពិតជាទទួលបានពីសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈការអប់រំរៀនសូត្រ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញ ដើម្បីចូលរួមនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

“សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយនិងចៅៗ ជាសសរទ្រូងប្រទេសជាតិ ត្រូវរួបរួមសាមគ្គីគ្នាការពារឱ្យខាងតែបាននូវសុខសន្តិភាព ដែលយើងរកមកបានដោយលំបាកជាទីបំផុត ដោយការធ្វើពលីកម្មគ្រប់បែបយ៉ាង ហើយត្រូវជំរុញមនោសញ្ចេតនានៃក្តីមេត្តាស្រឡាញ់រាប់អានគ្នា ចេះមានការយល់ចិត្តចំពោះអ្នកដទៃ និងធ្វើការដើម្បីភាពកាន់តែល្អប្រសើរឡើងថែមទៀត សម្រាប់សង្គមជាតិយើង”នេះជាការអំពាវរបស់សម្តេចប្រធានរដ្ឋសភា។

សម្តេចបានលើកឡើងបន្តថា “យើងត្រូវចាំថា សន្តិភាពនិងការអភិវឌ្ឍមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។ សន្តិភាពបង្កើតលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍ។ ដោយសារសន្តិភាពពេញលេញនេះហើយ ទើបធ្វើឱ្យប្រទេសជាតិទទួលបាននូវកំណើនសេដ្ឋកិច្ច ស្ថិរភាពសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងនាមថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា សម្តេចសូមប្តេជ្ញាយ៉ាងមុតមាំថា នឹងបន្តពង្រឹងនូវសាមគ្គីភាពប្រជាជាតិទាំងមូល ដោយមិនបែងចែកនិន្នាការនយោបាយ ភេទ ជំនឿ សាសនា ដើមកំណើតជាតិសាសន៍ និងឋានៈក្នុងសង្គមឡើយ ដើម្បីថែរក្សា និងពង្រីករាល់សមិទ្ធផលនានា ធានាបាននូវសុខសន្តិភាព វិបុលភាព ស្ថិរភាពនយោបាយ ក្នុងដំណើរការកសាង និងការពារមាតុភូមិតទៅមុខថែមទៀត៕ដោយនាគខៀវ

Read Previous

សម្ដេចតេជោ៖ កេរ្តិ៍ឈ្មោះនៃការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជានឹងបន្សល់ទុករាប់រយឆ្នាំដល់កូនចៅជំនាន់ក្រោយ

Read Next

មន្ត្រីយោធាមួយរូបត្រូវបានចាប់ខ្លួន បញ្ជូនទៅកាន់ពន្ធនាគារ ករណីចូលទៅកាប់ព្រៃអង់តែន ដោយខុសច្បាប់