មន្ត្រីយោធាមួយរូប ត្រូវបានសាលាដំបូងខេត្តកំពង់ធំ បញ្ជូនខ្លួនទៅដាក់ពន្ធនាគារខេត្ត បន្ទាប់ពីបានកាប់រៀនទន្ទ្រានព្រៃយកហ៊ុំព័ទ្ធដីព្រៃឈើ តំបន់ព្រៃអង់តែន ដោយខុសច្បាប់ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣។
លោក សាយ វាសនា អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ធំ ប្រាប់អ្នកសារព័ត៌មានថា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត លោក ង៉ែតណារ័ត្ន បានបញ្ជាអោយកម្លាំងកងរាជអាវុធហត្ថ ដែលទទួលបន្ទុកបង្ក្រាបបទល្មើសធនធានធម្មជាតិ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ បានចាប់ឃាត់ខ្លួនជនសង្ស័យ និងបញ្ជូនទៅតុលាការខេត្តកំពង់ធំភ្លាមៗ ដោយចោទពីបទ “ផ្ដើមគំនិតក្នុងអំពើកាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុំព័ទ្ធកាន់កាប់ដីព្រៃរបស់រដ្ឋដោយគ្មានលិខិតអនុញ្ញាត”។
បុគ្គលដែលត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ មានឈ្មោះ លោក ស៊ាង សុខឈន ដែលជាជនដៃដល់ រស់នៅឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលបាននឹងកំពុងកាប់បំផ្លាញព្រៃអង់តែន រាប់រយហិកតានៅចំនុច៤៤- អូរតាកាវ។
ក្រោយបញ្ជូនទៅតុលាការបុគ្គលរូបនេះ បានឆ្លើយសារភាពថា ខ្លួនមានអ្នកនៅពីក្រោយខ្នង ដែលផ្ដល់មធ្យោបាយគ្រប់បែបយ៉ាង ដើម្បីឲ្យលោកធ្វើសកម្មភាពកាប់បំផ្លាញព្រៃអង់តែន គឺលោកឧត្តមសេនីយ៍ទោម្នាក់៕ដោយនាគខៀវ