លោកជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានណែនាំដល់ប្រជាពលរដ្ឋ ទូទាំងខេត្ត្តត្បូងឃ្មុំ សូមបញ្ឈប់រាល់ការប្រើប្រាស់ នូវឧបករនេសាទខុសច្បាប់ ដែលនាំឲ្យអន្តរាយ ដល់ប្រភពធនធានត្រី និងជីវៈចំរុះដែលជាប្រភពផ្គត់ផ្គង់ ជីវភាពប្រចាំថ្ងៃ របស់ពលរដ្ឋគ្រប់ៗគ្នា ក៏ដូចជាសម្រាប់ តកូនតចៅ ទៅថ្ងៃអនាគត ជាពិសេស ជាអំពើខុសច្បាប់ ដែលត្រូវទទួលទោសទណ្ឌពីច្បាប់ផងដែរ។
លោក ជាម ច័ន្ទសោភ័ណ ក៏បានជំរុញឲ្យមន្ទីរកសិកម្មខេត្ត ពិសេសខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ពង្រឹងពង្រីកថ្នាលបណ្តុះកូនឈើ ក្នុងឆ្នាំ២០២៤ ខាងមុខ ឲ្យបានរាប់សែនដើមបន្ថែមទៀត ខណៈដែលរៀងរាល់ឆ្នាំ បានបណ្តុះមបានខ្ទង់ ៧ទៅ៩ម៉ឺនកូនឈើ រួមមកហើយ ដើម្បីឆ្លើយតបតាមសំណើរមន្ទីរ-អង្គភាព តាមទីសាធារណៈ វត្តអារាម មន្ទីរពេទ្យ និងតាមទីកន្លែងនានា ជាពិសេស តាមផ្ទះប្រជាពលរដ្ឋ នៅទូទាំងខេត្តត្បូងឃ្មុំតែម្តង។
លោកជាម ច័ន្ទសោភ័ណ ក៏បានឲ្យអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបញ្ជ្រាបការយល់ដឹង អត្ថប្រយោជន៍នានា ពាក់ព័ន្ធនឹងដើមឈើ ដើមផ្កា ការរក្សាបរិស្ថានទាំងលើគោក និងក្នុងទឹក ទៅដល់បងប្អូនប្រជាជនខ្មែរគ្រប់រូប គ្រប់វ័យគ្រប់តំបន់ទិសទី ដែលនេះជាសារមួយយ៉ាងសំខាន់ សម្រាប់ជាចំណេះដឹង ដើម្បីបងប្អូនយើងអាចចូលរួមជាមួយអាជ្ញាធរ រួមគ្នាសម្រេចលើកិច្ចការនេះបាននៅទូទាំងប្រទេស។
អភិបាលខេត្ត បានផ្ដាំផ្ញើដល់អង្គភាពបំរើសេវាសាធារណៈ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នា រៀបចំកែលម្អ ទីតាំងអាងទឹកសោភ័ណ ឲ្យបានស្រស់ស្អាត ដោយរៀបចំសួនច្បារ ដាំកូនឈើ និងសិក្សារៀបចំទីតាំងនេះ អោយក្លាយទៅជាតំបន់ទាក់ទាញទេសចរណ៍ ពិសេសទីកន្លែងរៀបចំពិធីប្រណាំងទូក (ង) ថ្នាក់ខេត្តជារៀងរាល់ឆ្នាំ ដើម្បីឲ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍មកលេងកម្សាន្ត ជាទស្សនៈវិស័យ ដែលរដ្ឋបាលខេត្តត្រូវតែធ្វើ។
លោកក៏បានបើកឱកាស ឲ្យក្រុមហ៊ុនឯកជន មកសិក្សា និងវិនិយោគ នៅទីនេះផងដែរ ឲ្យតែមានការរៀបចំគិតគូរ និងគ្រោងការអភិវឌ្ឍន៍ ច្បាស់លាស់ ទៅតាមការកំណត់របស់រដ្ឋបាលខេត្ត។
លោកថ្លែងជម្រុញបែបនេះក្នុងឱកាសអញ្ជើញដាំកូនឈើប្រណិត ១៣៨០ដើម និងប្រលែងកូនត្រី២១០០០ក្បាល ចូលក្នុងអាងទឹកសោភ័ណ ថ្ងៃពុធម្សិលមិញ៕ដោយនាគខៀវ