តាមរយៈប្រព័ន្ធ តេឡេក្រាមនៅយប់ថ្ងៃពុធនេះ លោក ហ៊ុន ម៉ានី បានសរសេរថា៖ ជម្រាបសួរលោកយាយ លោកតា ពុកម៉ែ មាមីង បងប្អូនអ្នកខេត្តកំពង់ស្ពឺជាទីគោរពស្រលាញ់!
ក្នុងរយៈកាល ១០ ឆ្នាំ នៃតួនាទីជាតំណាងរាស្រ្ត ក្នុងមណ្ឌលខេត្តកំពង់ស្ពឺ ខ្ញុំបានទទួលនូវក្តីស្រលាញ់ ជំនឿជាក់ ជាពិសេស ឱកាសនៃការចូលរួមចំណែកក្នុងការកសាង អភវិឌ្ឍខេត្តយ៉ាងរីកចម្រើន។ លើសពីកិត្តិយសដែលបានបម្រើប្រជាជនខេត្តកំពង់ស្ពឺ ខ្ញុំបានរៀនសូត្រជាច្រើនពីការងារទាំងអស់នេះ ពីអ៊ុំ ពូមីង បងប្អូន ជាមន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់នូវដំបូន្មានល្អ ភាពកក់ក្តៅ ការប្រាស្រ័យទាក់ទងល្អ ជាពិសេសគឺបទពិសោធន៍ដ៏មានតម្លៃពីការធ្វើការងារជាមួយអ៊ុំពូមីងដោយផ្ទាល់នៅគ្រប់ជាន់ថ្នាក់។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧កន្លងទៅនេះ បានសរបញ្ជាក់ឱ្យឃើញពីទឹកចិត្តស្រលាញ់ អាណិត ជឿទុកចិត្តយ៉ាងពេញទំហឹងពីបងប្អូនអ្នកខេត្តកំពង់ស្ពឺតាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាក្នុងអត្រាខ្ពស់ នាំឱ្យគណបក្សអាចរក្សាប្រៀបឈ្នះ និងទទួលបានអាសនៈ ៦ លើ ៦។
ខ្ញុំពិតជាគ្មានអ្វីដើម្បីថ្លែងអំណរគុណចំពោះការផ្តល់សេចក្តីទុកចិត្តនេះ ក្រៅពីខិតខំប្រឹងប្រែងធ្វើការបម្រើលោកយាយ លោកតា អ៊ុំ ពុកម៉ែ មាមីងបងប្អូនកាន់តែទ្វេដង។
ក្នុងនីតិកាលថ្មីនេះ បើទោះបីជាខ្ញុំត្រូវបានចាត់តាំងទៅបំពេញភារកិច្ចនៅស្ថាប័នផ្សេងក៏ដោយ ក៏បេះដូង ការបំពេញការងារ និងការប្តេជ្ញាចិត្តរបស់ខ្ញុំនឹងបន្តនៅជាមួយអ្នកខេត្តកំពង់ស្ពឺដដែល មិនប្រែប្រួលឡើយ៕ដោយនាគខៀវ