ខេត្តសៀមរាប៖រហូតដល់រសៀលថ្ងៃព្រហស្បតិ៍នេះ សមត្ថកិច្ចនៅមិនទាន់ចាប់បាន ក្រុមខ្មាន់កាំភ្លើង ដែលបានសម្រុកចូលរំដោះ អ្នកទោសជនជាតិចិនម្នាក់ ដែលមន្ដ្រីពន្ធនាគារបញ្ជូនទៅពេទ្យធ្មេញមួយកន្លែង នៅក្រុងសៀមរាប នៅឡើយទេ។
អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ លោក ឆែម សាវុធ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ពិរុទ្ធជនឈ្មោះ Chen hsin han អាយុ៤៥ឆ្នាំជនជាតិចិន ជាប់ទោសពាក់ព័ន្ធករណីគ្រឿងញៀន ដែលចំនួនទោសជាង៥០ឆ្នាំ។
បើតាមព័ត៌មានបឋម នៅថ្ងៃថ្ងៃព្រហស្បតិ៍ ព្រឹកមិញនេះ មន្ដ្រីពន្ធនាគារចំនួន៤នាក់ បានបញ្ជូនពិរុទ្ធជនជនជាតិចិន មួយរូប ទៅគ្លីនិចធ្មេញ លុះពេលកំពុងអង្គុយចាំពេទ្យធ្វើធ្មេញ ស្រាប់តែមានជនមិនស្គាល់មុខ៥នាក់ មានពាក់ស្រោមមុខ ស្រោមដៃ និងប្រដាប់ដោយអាវុធ បានភ្ជង់ទៅកាន់មន្ដ្រីពន្ធនាគារ ហើយជនសង្ស័យ បានចូលទៅរំដោះអ្នកទោសចេញទៅបាត់។ ពេលធ្វើសកម្មភាពនោះ ក្រុមខ្មាន់កាំភ្លើងបានយកខ្សែរូតចងរឹតដៃមន្ដ្រីពន្ធនាគារ ចំនួន៤នាក់ផងដែរ។
ប្រភពព័ត៌មានឲ្យឱ្យដឹងថា ករណីនេះ ក្រោយរំដោះបាន ក្រុមខ្មាន់កាំភ្លើង បានឡើងជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 330 ពណ៌ផ្សេងបារី ពាក់ផ្លាកលេខភ្នំពេញ2AA-4315 គេចខ្លួនបាត់ស្រមោល។ រំលងបានប៉ុន្មានម៉ោងក្រោយ រថយន្ដដែលជិះធ្វើសកម្មភាពនោះ ត្រូវបានគេប្រទះឃើញយកទៅផ្លុងចោល។
ក្នុងនោះសមត្ថកិច្ចជំនាញប្រទះឃើញសម្ភារមួយចំនួន។
ជុំវិញហេតុការណ៍នេះក្រុមកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ កំពុងសហការគ្នាស្រាវជ្រាវស្វែងរកក្រុមឧក្រិដ្ឋជន។
សូមបញ្ជាក់ថា ហេតុការណ៍នេះកើតឡើង នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នេះ ចំណុចគ្លីនិចធ្មេញ ជុំ ចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប៕ដោយនាគខៀវ