លោកទៀ សីហា បានមានប្រសាសន៍លើកឡើងអំពីភាពជឿនលឿននឹងការអភិវឌ្ឍ រីកចម្រើននឥតឈប់ឈរ លើគ្រប់វិស័យ របស់ខេត្តសៀមរាប និយាយដោយឡែក នឹងនៅទូទាំងប្រទេសនិយាយជារួមគឺ ទទួលបានការអភិវឌ្ឍនៅគ្រប់ទីកន្លែង មិនថាតែទីក្រុង ទីប្រជុំជនឬជនបទនោះទេ ពោលគឺ រាជរដ្ឋាភិ-បាលក្រោមការដឹកនាំ របស់ សម្តេចហ៊ុន សែន ព្រមទាំងឥស្សរជនជាន់ខ្ពស់ ជាច្រើនរូបទៀត បានដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍន៍លើ គ្រប់វិស័យទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ។
លោកទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងឱកាស ដឹកនាំមន្ត្រីថ្នាក់ដឹកនាំជុំវិញខេត្ត បាននាំយកទៀនព្រះវស្សា គ្រឿងបរិក្ខា និងថវិកាមួយចំនួន វេរប្រគេន ដល់ព្រះសង្ឃ គង់ចាំព្រះវស្សា ក្នុងវត្តវិសុទ្ធិមគ្គ ស្ថិតនៅភូមិ បំពេញរាជ ឃុំលាងដៃ។
លោកទៀ សីហា មានប្រសាសន៍ថា៖ដោយសារកត្តាសន្តិភាពនិងភាពរីកចម្រើន នេះហើយ ទើបយើងមានឱកាសបានបំពេញបុណ្យ នៅគ្រប់ទីកន្លែងដោយមិនមានការព្រួយបារម្ភ ហើយការនាំនូវទេយ្យវត្ថុនិងគ្រឿងឧបភោគបរិភោគ មួយចំនួនមកប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅពេលនេះ គឺដើម្បីតបសងគុណ ឧទ្ទិសកុសលទៅឱ្យបុព្វការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខ ហើយផង និងជាឱកាសយើងរួមសាមគ្គីរួមគ្នាធ្វើបុណ្យកុសល សន្សំសេចក្តីសុខ សេចក្តីចម្រើនក្នុងនាមអ្នកកាន់ព្រះពុទ្ធសាសនា និង ក៏ជាការរួមចំណែកថែរក្សាព្រះពុទ្ឋសាសនាឱ្យកាន់តែរីកចម្រើន និងគង់វង្សយូរអង្វែងតទៅមុខទៀត។ ពិធីបុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេរគោរពប្រតិបត្តិតាមពុទ្ឋបញ្ញត្តិក្នុងព្រះវិន័យនៃព្រះពុទ្ឋសាសនា។
សូមបញ្ជាក់ថា ទេយ្យវត្តុ គ្រឿងឧបភោគបរិភោគ ទាំងនោះរួមមាន ទៀនព្រះវស្សា ១គួរ គ្រឿងឧបភោគបរិភោគ និងសំភារៈប្រើប្រាស់មួយចំនួន ព្រមទាំងថវិកា ចំនួន ១២លានរៀល ប្រាក់ដុល្លា ១ពាន់៧០០ដុល្លា និង អំពូលភ្លើងសូឡា ៣០គ្រឿង និងជូនដល់ សីលវ័ន សីលវន្តី ចំនួន៤០នាក់ ម្នាក់ៗក្រណាត់ស ១ដុំ និងថវិកា ២ម៉ឺនរៀល ព្រមទាំងបានធ្វើពិធីរាប់បាត្រ ព្រះសង្ឃ ១០០អង្គ ដើមី្បឧទ្ទិសថ្វាយមគ្គផល ដល់ដួងវិញ្ញាណក្ខ័ន្ត បុព្វការីជន ជីដូនជីតា សាច់សារលោហិត ទៅតាមប្រវេណីទំនៀមទំលាប់ ប្រពៃណីព្រះពុទ្ឋសាសនា៕