ខេត្តព្រះវិហារ៖ក្នុងប្រតិបត្តិការចុះបង្ក្រាប រថយន្តដឹកឈើក្រុមកម្លាំងសមត្ថកិច្ច និងម្ចាស់រថយន្តដឹកឈើ បានប៉ះសម្តីគ្នាមួយប្រាវ ដោយសារម្ចាស់ឈើ បើកទ្វាររថយន្តផ្នែកខាងក្រោយ មានបំណងទម្លាក់ឈើចុះ ប៉ុន្តែសមត្ថកិច្ចបានធ្វើការហាមឃាត់ មិនឲ្យទម្លាក់ឈើចុះពីលើរថយន្តនោះឡើយ។
ក្នុងសេចក្ដីរាយការណ៍មួយបានលើកឡើងថា ដោយ
ស្ថានភាពតានតឹងបែបនេះ រដ្ឋបាលព្រៃឈើ បានរាយការណ៍ជូន ស្ថាប័នអយ្យការអមសាលាដំបូងខេត្ត ដោយព្រះរាជអាជ្ញារ ចុះចាប់រថយន្តដឹកឈើ បញ្ជូនមកកាន់សង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យ និងបានហៅម្ចាស់រថយន្ត មកជាមួយ ដើម្បីធ្វើការសាកសួរជុំវិញការដឹកជញ្ជូនធ្វើជំនួញដោយខុសច្បាប់នេះ។
ការបង្ក្រាបធ្វើឡើង ស្ថិតនៅក្នុងភូមិអន្លង់ស្វាយ ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នៅរសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះក្រោមការដឹកនាំសម្របសម្រួលដោយ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក គឹម សំឡេង។
សមត្ថកិច្ចនៅក្នុងហេតុការណ៍បង្ក្រាបរបាននិយាយប្រាប់ថា រថយន្តដែលបង្ក្រាបនេះ ប្រភេទសាំងយ៉ុង ក្បាលពណ៌លឿង លាយខៀវចាស់ ខ្លួនពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2AL-6790 បានផ្ទុកឈើប្រណីត ប្រភេទធ្នុង និងឈើលេខ១ ប្រភេទសុក្រំ មានចំនួនច្រើនដុំ និងសន្លឹក។
ទោះជាយ៉ាងណា រហូតមកទល់ពេលនេះ សមត្ថកិច្ច
នៅមិនទាន់បង្ហាញឈ្មោះម្ចាស់ឈើ និងចំនួនឈើ ដែលផ្ទុកនៅក្នុងរថយន្តសាំងយ៉ុង ១គ្រឿងនៅឡើយទេ ព្រោះត្បិតសមត្ថកិច្ចជំនាញ មិនទាន់បានធ្វើការរាប់ចំនួន៕ដោយនាគខៀវ