ជនដៃដល់ម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួនក្រោយធ្វើសកម្មភាពប្រហារទៅលើបុរស ពីរនាក់ បណ្ដាលឲ្យស្លាប់ម្នាក់និងរបួសម្នាក់។
ហេតុការណ៍នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៩និង៥នាទី នៅចំណុចភ្នំទឹកចេញ ស្ថិតនៅភូមិ០១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
សមត្ថកិច្ចបានប្រាប់ថាជនសង្ស័យឈ្មោះ ញឹម សាវឿន ភេទប្រុស អាយុ៤១ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានស្រុកកំណើតភូមិ១ឃុំត្រពាំងច្រេសស្រុកកូនមុំ ខេត្តរតនគិរី មានទីលំនៅបច្ចុប្បន្នភូមិ១ ឃុំត្រពាំង ច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។ ជនរងគ្រោះ ឈ្មោះពេជ្រ ម៉ូលី ភេទប្រុសអាយុ៥៦ ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។(ស្លាប់នៅកន្លែងកើតហេតុ ) ២/ ឈ្មោះសាន់ ប៊ីស៊ី ភេទប្រុសអាយុ។ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅបច្ចុប្បន្ន១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី(ត្រូវជាកូនប្រុសជនរងគ្រោះរបួសចំដៃខាងឆ្វេង )។
សមត្ថកិច្ចបានបន្តថា ករណីឃាតកម្ម នេះ ជនសង្ស័យ បានយកកាំបិតភ្គាក់ កាប់ទៅលើកូនជនរងគ្រោះ ២កាំបិត ចំដៃឆ្វេង រួចស្ទុះទៅកាប់ឪពុកក្មេងរងគ្រោះ ជាច្រើនកាំបិតចុងក្រោយត្រូវក ខាងក្រោយ១កាំបិតទៀតបណ្តាលឲ្យស្លាប់ភ្លាមៗ។
សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន រួមជាមួយកាំបិតបង្គាក់ចំនួន ១ប្រវែង៦០cm នៅអធិការដ្ឋាននគរបាល ស្រុកកូនមុំ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់។
បើតាមសមត្ថកិច្ចប្រាប់ថា អំពើឃាតកម្មនេះមូលហេតុទំនាស់ដីធ្លី ដណ្តើមគ្នាគ្រប់គ្រងដីដែលបានដាំដំណាំហើយ ត្រូវជនរងគ្រោះ យកថ្នាំបាញ់ស្មៅ មកបាញ់លើដំណាំ ដែលដាំដុះហើយ បង្កកើតទៅជារឿងកាប់សម្លាប់គ្នាតែម្ដង៕