សម្ដេចពិជ័យសេនា ទៀ បាញ់ បានជំរុញឲ្យប្រធានគណបក្សខេត្ត យកចិត្តទុកដាក់ខ្ពស់ និងកិច្ចសហការល្អ ជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តផែនការណែនាំ និងគោលការណ៍របស់រាជរដ្ឋាភិបាល ចំពោះបងប្អូន ប្រជាពលរដ្ឋដែលបានស្ម័ត្រចិត្ត ចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ត្រូវយកចិត្តទុកដាក់អំពីជីវភាពរស់នៅរបស់បងប្អូនល្អប្រសើរថែមទៀតផង។
សម្ដេចទៀ បាញ់ ជំរុញបែបនេះ ក្នុងឱកាសប្រកាសតែងតាំង លោកប្រាក់ សោភ័ណ ជាប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាបថ្មី ជំនួស លោកទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
សម្ដេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារគណ:កម្មាធិការកណ្តាលចុះជួយមូលដ្ឋានខេត្តសៀមរាប បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សទាំងអស់ ដែលមានវត្តមានក្នុងពិធីប្រកាសនេះ។
សម្តេចទៀ បាញ់ បានថ្លែងថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍន៍លើគ្រប់វិស័យ បើទោះបីជាប្រទេសជាតិ ស្ថិតក្នុងបរិបទជួបប្រទះបញ្ហា ដោយសារការឆ្លងរីករាលដាល ជម្ងឺកូវីដ-១៩ ក៏ដោយ គឺសម្តេចតេជោ ហ៊ុន សែន ក្នុងតួនាទីជានាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅតែខិតខំពុះពារស្តារឡើងវិញនូវវិបត្តិផ្សេងៗ ជាពិសេសខិតខំស្វែងរកវ៉ាក់សាំងចាក់ ជូនប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាការពារសុខមាលភាព និងអាយុជីវិតប្រជាពលរដ្ឋ រួមនឹងការស្តារសេដ្ឋកិច្ចឡើងវិញ និងឈានទៅឲ្យបើកដំណើរការប្រទេសជាធម្មតា ទៀតផង។
សម្តេចទៀ បាញ់ ស្នើឲ្យ ប្រធានគណបក្សខេត្តថ្មី ត្រូវផ្តោតលើការងារ កសាងកម្លាំងថ្មី និង ពង្រីកបន្ថែមនូវសមាជិក គណបក្ស បន្តទៀត ជាពិសេសក្នុងស្រទាប់យុវជន គឺសំដៅឈានទៅយកប្រៀបឈ្នះនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅអាណត្តិ បន្តបន្ទាប់ របស់ គណបក្សប្រជាជនកម្ពុជា សម្រាប់បន្តអាណត្តិដឹកនាំប្រទេស ដើម្បីថែរក្សសន្តិភាព និងការអភិវឌ្ឍ ឲ្យមានការរីកចម្រើន បន្តទៅមុខទៀត។
សម្តេច ក្នុងនាមជាអនុប្រធានគណបក្សប្រជាជនកម្ពុជា សូមសម្តែងនូវអំណរគុណ ដល់សមាជិក សមាជិកា និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃ គណបក្សប្រជាជនកម្ពុជា ក៏ដូចប្រជាពលរដ្ឋ ទូទាំង ខេត្តសៀមរាប ដែលបានអញ្ជើញទៅបោះឆ្នោត គាំទ្រជូនគណបក្សប្រជាជនកម្ពុជា នីតិកាលទី៧ ដើមី្បបន្តកិច្ចដឹកនាំ និងអភិវឌ្ឍប្រទេស ឲ្យមានការរីកចម្រើនលើគ្រប់វិស័យនៅគ្រប់មូលដ្ឋាន។
សូមជម្រាបថា លោកប្រាក់ សោភ័ណអនុប្រធាន គណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ត្រូវបាន សម្តេចហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា សម្រេចតែងតាំងដំឡើងឋាន:ជាប្រធាន គណ:កម្មាធិការគណបក្សខេត្តសៀមរាប៕ដោយនាគខៀវ