ភ្នំពេញ៖លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នេះបានប្រកាសប្រកាសព័ត៌មាន ជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធជ្រាបថា៖ កងរាជអាវុធហត្ថ បានឃើញតាមបណ្តាញសារព័ត៌មានមួយចំនួន ធ្វើការផ្សព្វផ្សាយរូបភាពវីដេអូនិងខ្លឹមសារប៉ះពាល់ដល់កិត្តិយសរបស់យោធិននៃកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ៊
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអះអាងថា
១-តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានឱ្យដឹងថា “នៅវេលាម៉ោង១៧ និង០០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ មានពាក្យបណ្ដឹងពីឈ្មោះ ខុន សុចាន់ ភេទប្រុស អាយុ៣៧ ឆ្នាំជនជាតិខ្មែរ រស់នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ត្រូវបានក្រុមអ្នកសារព័ត៌មាន មានគ្នាចំនួន៣នាក់ ជិះរថយន្ត១គ្រឿង តាមថតឡានដឹកឈើកែឆ្នៃ ធ្វើសិប្បកម្ម បន្តិចបន្តួចរបស់ខ្លួន (សុចាន់) ហើយបានទារលុយចំនួន២លានរៀល ជាថ្នូរមិនបង្ហោះផ្សាយតាមបណ្ដាញសង្គម បន្ទាប់មកទារចុះសល់២០០ដុល្លារ ក្រោយមកខ្លួន(សុចាន់) បានចរចារចុះនៅសល់៣០ម៉ឺនរៀល ខណៈនោះក្រុមអ្នកសារព័ត៌មាន បានយល់ព្រមដោយឲ្យដាក់លុយ តាមវីង ដែលមានលេខទូរស័ព្ទ ០៧១៥៥២២០៥២។
ក្រោយទទួលបានបណ្ដឹង មន្ត្រីនគរបាលយុត្តិធម៌ បានរាយការណ៍សុំការដឹកនាំ សម្របសម្រួលពី ឯកឧត្តម តូច សុភក្តី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ។ នៅថ្ងៃខែឆ្នាំដដែល កម្លាំងកងរាជអាវុធហត្ថ បានចុះទៅកន្លែងវេរលុយ (វីង) ដែលក្រុមអ្នកសារព័ត៌មាន ទាំង០៣នាក់ កំពុងដកប្រាក់នៅចំណុចក្បែររង្វង់មូលស្ថិតក្នុងភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ពេលកម្លាំងក៏បានធ្វើការឃាត់ខ្លួនករណីជាក់ស្តែង។
ជនសង្ស័យចំនួន៣នាក់រួមមាន៖ ១-ឈ្មោះ ផៃ សោភ័ណ្ឌ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរអ្នកសារព័ត៌មានមាន (គេហទំព័រ រស្មីភ្នំដងរែក) ទីលំនៅភូមិទំនប់ថ្មី ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តរមានជ័យ។ ២-ឈ្មោះ នៅ សារួន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរអ្នកសារព័ត៌មាន (គេហទំព័រ រស្មីភ្នំដងរែក) ទីលំនៅភូមិរំដួល ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ៣-ឈ្មោះ ឈិន សុជាតិ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរអ្នកសារព័ត៌មានរស្មីអង្គរ រស់នៅភូមិស្រះជ្រៃ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ចាប់យកវត្ថុតាង៖ ១-រថយន្តម៉ាក នីសាន់ (ចង្កូតស្តាំ) ស្លាកលេខODM1050 ពណ៌ប្រាក់០១គ្រឿង (សូមបញ្ជាក់: ស្លាកលេខនិងក្រដាសបង់ពន្ធផ្លូវដែលបំពាក់លើរថយន្ត គឺក្លែងក្លាយ), ២-ម៉ាស៊ីនថត (កាមេរ៉ា)០១គ្រឿង, ៣-ទូរស័ព្ទ០៤គ្រឿង។
ជនសង្ស័យចំនួន៣នាក់និងវត្ថុតាង បានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យតាមនីតិវិធី។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ មានសិទ្ធិពេញលេញចំពោះមុខច្បាប់ ក្នុងការតវ៉ារឿងក្តីនេះ។
២-នៅថ្ងៃទី២៥និងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ មានគេហទំព័រស្រទាប់យុវវ័យនិងសំឡេងឯករាជ្យ បានចុះផ្សាយដោយចោទប្រកាន់មកលើកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យថា ឈ្មោះ ចាន់ (ដើមបណ្តឹង) ឲ្យប្រាក់ចំនួន៣០ម៉ឺនរៀល ទៅឱ្យក្រុមសារព័ត៌មាន ៣នាក់ខាងលើ ជាលក្ខណៈមនោសញ្ចេតនា មិនគួរចាប់វាយខ្នោះ។
សារព័ត៌មានខាងលើ បានកាត់តរូបភាពដាក់ជាលក្ខណៈដឹកឈើទ្រង់ទ្រាយធំដែលពុំមែនជាការពិតវាជារូបភាពចាស់ៗកន្លងទៅ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សុំឱ្យសារព័ត៌មានទាំង២ខាងលើ និងសារព័ត៌មានដែលមានការផ្សព្វផ្សាយករណីនេះ ធ្វើការកែតម្រូវតាមច្បាប់ស្តីពីរបបសារព័ត៌មាន។
៣-កងរាជអាវុធហត្ថ នៅតែរងចាំទទួលយកនូវព័ត៌មានដែលពាក់ព័ន្ធនឹងកងរាជអាវុធហត្ថ និងការផ្តល់មតិក្នុងន័យស្ថាបនាដែលជាធាតុចូល៕ដោយនាគខៀវ