ឯកឧត្តម ប្រាក់ សោភ័ណ អអភិបាលខេត្តសៀមរាប បានថ្លែងកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំសុខភាពដល់កុមារក្នុងភូមិសាស្រ្តខេត្តសៀមរាប ក៏ដូចជាកុមារដែលបានអញ្ជេីញមកពីតាមបណ្តាខេត្តផ្សេងៗទូទាំងប្រទេសកម្ពុជា ប្រកបដោយគុណភាព និងមិនគិតកម្រៃ។
ឯកឧត្តម បានថ្លែងថា សកម្មភាពនេះ បានឆ្លុះបញ្ចាំងអំពីការរួមចំណែកយ៉ាងសកម្ម ដើម្បីជួយពង្រឹងវិស័យសុខាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល តាមរយៈការអនុវត្តការងារស្របតាមផែនការសកម្មភាពរបស់ខ្លួន ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ និងគោរពបាននូវវិជ្ជាជីវៈរបស់គិលានុបដ្ឋាក និងបុគ្គលិកសុខាភិបាល។
ឯកឧត្តមអភិបាលខេត្តសៀមរាបមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសបានអនុញ្ញាតតំណាងមន្ទីរពេទ្យកុមារអង្គរ ចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាពការងារ និងសមិទ្ធផលសម្រេចបាននាពេលកន្លងមក ព្រមទាំងផែនការយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការអនុវត្តសកម្មភាពនានាក្នុងខេត្តសៀមរាប នៅថ្ងៃអង្គារនេះ៕