លោកជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសហព័ន្ឋកីឡាអេឡិកត្រូនិកកម្ពុជា មានប្រសាសន៍ថា អ្នកសារព័ត៌មានមានតួនាទីរាយការណ៍ សរសេរអត្ថបទ នូវរឿងរ៉ាវគ្រប់ប្រធានបទដើម្បីបំរើដល់អ្នកអាន អ្នកស្តាប់ អ្នកមើលនូវរឿងរ៉ាវទាំងនោះ ដោយចាំបាច់ត្រូវគោរពតាម ច្បាប់ស្តីពីរបបសារព័ត៌មាន គោរពក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មាន។
ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយអ្នកសារព័ត៌មានជាង ៦០នាក់ ដែលមានស្នាក់ការក្នុងខេត្តសៀមរាប នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នេះ នៅមន្ទីរព័ត៌មានខេត្ត លោកជា ច័ន្ទបរិបូរណ៍ មានប្រសាសន៍ទៀតថា ការសរសេរ និងការរាយការណ៏ព័ត៌មាន ត្រូវពឹងផ្អែកទៅលើគោលការណ៍ ចំនួន ៦ចំណុច ដែលជាមូលដ្ឋានគ្រឺះសំរាប់ការស្វែងរកអោយឃើញនូវមូលហេតុនៃដំណើររឿង។ ជាពិសេសទៀតនោះ ជាឫសគល់នៃការយកមកបង្ហាញអោយអស់នូវដើមចមនៃហេតុការមួយដែលត្រូវបានកើតឡើងឱ្យគ្រប់ជ្រុងជ្រោយ។ ហើយគោលការណ៍ ៦ចំណុចរួមមាន៖ តើនរណា តើមានអ្វីដែលកើតឡើង តើហេតុការនោះបានកើតឡើងនៅពេលណា នៅឯណា មូលហេតុ និងតើកើតឡើងបានដោយរបៀបណា?។
លោកបន្តថា ក្នុងន័យជំរុញ និងណែនាំដល់អ្នកសរសេរព័ត៌មានដើរឱ្យទាន់ និងសិក្សាស្វែងយល់ អំពីការផលិតព័ត៌មាន ក្នុងបរិបទ នៃការវីវដ្តបច្ចេកវិទ្យាឧស្សាហកម្ម៤.០ និងសារព័ត៌មានតាមប្រព័ន្ធអ៊ិនធើណែត ព្រោះដោយសារ តែល្បឿននៃការបញ្ជូនព័ត៌មានបានលឿននិងទាន់ហេតុការ នៅតាប្រព័ន្ធអ៊ីនធើណែត និងដោយសារតែការហូរចូលនូវប្រព័ន្ធកុំព្យូទ័រដ៏ច្រើនសន្ធឹកសន្ធាប់ នាពេលបច្ចប្បន្ន ក៏ដូចជាវិសាលភាពនៃការរីកចំរើនរបស់ សារព័ត៌មាន អ៊ីនធើណែតកានតែមានភាពធំឡើងៗ ដែលអាស្រ័យទៅដោយឧបករណ៏ ដែលមានភាពទំនើបនាពេលថ្មីៗទាំងនេះ។
បើតាមលោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បញ្ជាក់ថា ពិធីជួបសំណេះសំណាលនាពេលនេះ រៀបចំឡើងក្រោមការសហការគាំទ្រពីក្រសួងព័ត៌មាន និងរដ្ឋបាលខេត្តសៀមរាប ស្របតាមប្រសាសន៍ណែនាំដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ ដោយបានណែនាំដល់មន្ទីរព័ត៌មានរាជធានីខេត្ត ត្រូវយកចិត្តទុកដាក់រៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹង និងអភិវឌ្ឃធនធានសមត្ថភាព តួនាទីភារកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានដើម្បី បង្កើនប្រសិទ្ឋភាពការងារ បង្កើនភាពស្និទ្ឋស្នាលរវាងអ្នកសារព័ត៌មានជាមួយថ្នាក់ដឹកនាំនិង អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងន័យបង្ខិតឱ្យកាន់តែកៀកជិតគ្នា សហការល្អ សំដៅរក្សាបាននូវភាពសុខដុមរមនាក្នុងសង្គម៕