ខេត្តកោះកុង៖អភិបាលខេត្តកោះកុង បានប្រកាសផ្ដល់ប្រាក់ចំនួន ៣ លានរៀល ដល់អ្នកផ្ដល់ព័ត៌មានអត្តសញ្ញាណ បុរសដែលបានវាយសម្លាប់សត្វឈ្លូស។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅព្រឹកថ្ងៃអង្គារទី៣១ ខែតុលាឆ្នាំ ២០២៣ បានបង្ហោះសារប្រកាសជាសាធារណៈថា៖ សូមគោរពជ្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា: ពាក់ព័ន្ធករណីជនដែលបានប្រព្រឹត្តអំពើមិនគម្បី ខ្វះសីលធម៌ អគតិធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមគួរឱ្យស្អប់ខ្ពើមបំផុត ដែលបានយកដំបងជ្រុងវាសំពងក្បាលកូនឈ្លូសដែលកំពុងហែលទឹកទៅរកដីគោក បណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែង។
លោកស្រីបានបន្តថា ពាក់ព័ន្ធករណីខាងលើ ខ្ញុំសូមលើកទឹកចិត្តជាថវិកាចំនួន ៣,០០០,០០០រៀល (បីលានរៀល) ដល់អ្នកដែលបានផ្តល់ព័ត៌មាន អត្តសញ្ញាណ របស់ជនដែលបានប្រព្រឹត្តអំពើអមនុស្សធម៌ នូវភិនភាគរូបរាង ដូចដែលមាននៅក្នុងវីដេអូនេះ។ ចំពោះអ្នកដែលបានផ្តល់ព័ត៌មាននេះ យើងខ្ញុំនឹងរក្សាទុកជាការសម្ងាត់។
អាស្រ័យហេតុនេះ សូមសាធារណជន ជាពិសេសអ្នកដែលបាននៅក្នុងហេតុការណ៍នោះ មេត្តាចូលរួមជាមួយអាជ្ញាធរមានសម្ថកិច្ច ដើម្បីឈានទៅរកចាប់ខ្លួនជននោះ យកមកផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែងឡើយ។
សូមជម្រាបថា សត្វឈ្លូសមួយក្បាលដែលប្រឹងហែលទឹកសមុទ្រ ដើម្បីរស់ត្រូវបានបុរសម្នាក់យកឈើវាយសម្លាប់ បណ្ដាលឱ្យស្លាប់នៅនឹងកន្លែងតែម្ដង។ ក្រោយធ្លាយវីដេអូបែបនេះនាំឱ្យមានការផ្ទុះការរិះគន់យ៉ាងខ្លាំងដល់បុរសរូបនោះ៕ដោយនាគខៀវ