ខេត្តសៀមរាប៖នគរបាលក្រុងសៀមរាប បានធ្វើការបោសសំអាត ក្រុមក្មេងទំនើងចំនួន២ក្រុម ដែលបង្កចលាចលក្នុងក្រុងសៀមរាប។
ការបង្ក្រាបធ្វើឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០០:៣០នាទី នៅត្រង់ចំណុចមុខសណ្ឋាគារយីហោ ម៉ៅ ហ៊ាន ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
នគរបាលក្រុងសៀមរាប បានឲ្យដឹងថាក្មេងទំនើងចំនួន ០២ក្រុម បានបង្កហិង្សា ដោយយកដុំថ្ម និងមួកសុវត្ថិភាពគប់គ្នាទៅវិញទៅមក តែមិនបណ្តាលឲ្យភាគីណារងរបួសស្នាមនោះទេ ក្រោយពីធ្វើសកម្មភាពហើយក្រុមក្មេងទំនើងទាំងនោះបានគេចខ្លួនបាត់។
នគរបាលបន្តថា ក្រោយពីទទួលបានព័ត៌មាន កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ដោយចូលរួមសហការពីម្លាំងនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ព្រមទាំងកម្លាំងការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជ បានចុះស្រាវជ្រាវ និងនាំខ្លួនក្មេងទំនើងទាំង ០២ក្រុម ដែលមានចំនួនសរុប ៣០នាក់ ស្រី០១នាក់ មកធ្វើការសួរនាំនៅអធិការដ្ឋាននគរបាលក្រុងសៀមរាប។
នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងទាំង០២ក្រុម បានឆ្លើយសារភាពថា ពួកខ្លួនបានមានជម្លោះពាក្យសម្តីជាមួយគ្នា ហើយបានយកដុំថ្ម និងមួកសុវត្ថិភាព គប់គ្នាទៅវិញទៅមកពិតមែន។ ទោះជាយ៉ាងណាក្រុមក្មេងទំនេីងទាំងនេះត្រូវបានសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំណែនាំនិងឲ្យត្រឡប់ផ្ទះវិញរៀងៗខ្លួន៕ដោយនាគខៀវ
