ព័ត៌មានទាន់ហេតុការណ៍ :

- អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ - រដ្ឋមន្ត្រី កើត រិទ្ធ៖ ការផ្លាស់ប្តូរ ចៅក្រម ព្រះរាជអាជ្ញា គឺជារឿងធម្មតា ដើម្បីប្រសិទ្ធភាព យុត្តិធម៌ជូនពលរដ្ឋ ដោយមិនលម្អៀង
ថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០២៣ ម៉ោង ៤:៥៩ ល្ងាច

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ គោលដៅរបស់ សម្ដេចតេជោ ក្នុងការប្រែក្លាយ “តំបន់សង្រ្គាម” ទៅជា “តំបន់អភិវឌ្ឍ”

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃព្រហស្បតិ៍ នេះបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀត ក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាសសម្រាប់ព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងពិធីដ៏អធិកអធមនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការស្ថាបនាអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ ធ្វើឡើងក្រោមគំនិតផ្ដួចផ្ដើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ហើយកិច្ចព្រមព្រៀងសម្បទានសម្រាប់អភិវឌ្ឍគម្រោង ត្រូវបានចុះហត្ថលេខាក្នុងអំឡុងទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីឆ្នាំ២០១៦។ ដំណើរការសាងសង់បានចាប់ផ្ដើមឡើងកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ និងត្រូវបានដាក់ឱ្យប្រើប្រាស់ទទួលជើងហោះហើរពាណិជ្ជកម្មជាលើកដំបូង កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ថ្មីៗនេះ។ អាកាសយានដ្ឋានដែលត្រូវបានសាងសង់រួចនេះ ជាប្រភេទខ្នាតធំកម្រិត 4E ដែលមានសមត្ថភាពអាចទទួលយន្តហោះខ្នាតធំស្ទើរគ្រប់ប្រភេទជាមួយនឹងជើងហោះហើរប្រមាណ ៦៥.៨០០ ជើង ក្នុង ១ ឆ្នាំ ហើយអាចទទួលអ្នកដំណើរប្រមាណ ៧ លាននាក់ក្នុងមួយឆ្នាំ សម្រាប់ដំណាក់កាលទី ១។ គម្រោងទាំងមូលបានប្រើប្រាស់ផ្ទៃដីសរុប ៧០០,៦ ហិកតា និងដីបម្រុង ១.០០០ ហិកតា សម្រាប់គាំទ្រដល់ផែនការពង្រីកជាដំណាក់ៗ ដើម្បីអភិវឌ្ឍទៅជាអាកាសយានដ្ឋានកម្រិត 4 F នៅថ្ងៃខាងមុខ ព្រមជាមួយនឹងគម្រោងកសាងទីតាំងជាតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់ឧស្សាហកម្មរណបថ្មី។

សម្តេចធិបតី បានរំឭកផងដែរថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាផ្លែផ្កាកើតចេញពីសុខសន្ដិភាព ហើយការជ្រើសរើសទីតាំងដែលធ្លាប់ជាតំបន់អតីតសមរភូមិប្រយុទ្ធដ៏ស្រួចស្រាល់ ដើម្បីសាងសង់អាកាសយានដ្ឋានថ្មី គឺជាគោលដៅរបស់ សម្ដេចតេជោ ក្នុងការប្រែក្លាយ “តំបន់សង្រ្គាម” ទៅជា “តំបន់អភិវឌ្ឍ” សំដៅជំរុញការអភិវឌ្ឍតាមមូលដ្ឋានឱ្យបានជឿនលឿន និងកែលម្អជីវភាពប្រជាពលរដ្ឋ ជាពិសេស ការកាត់បន្ថយភាពក្រីក្រក្នុងចំណោមគ្រួសារងាយរងគ្រោះនៅតាមសហគមន៍ដាច់ស្រយាល។ ជាមួយគ្នានេះ, យើងក៏មិនអាចបំភ្លេចបានដែរនូវការចូលរួមចំណែក និងខិតខំជ្រោមជ្រែងរបស់ដួងវិញ្ញាណក្ខន្ធ សម្ដេចវិបុលបញ្ញា សុខ អាន ក្នុងការសិក្សាយ៉ាងល្អិតល្អន់អំពីលក្ខខណ្ឌបច្ចេកទេសតាមការកំណត់របស់អង្គការយូណេស្កូ ពាក់ព័ន្ធនឹងរង្វង់ចម្ងាយសុវត្ថិភាព ដើម្បីបញ្ចៀសហានិភ័យ និងធានាដល់កិច្ចគាំពារអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានអង្គរ មុននឹងសម្រេចលើកយោបល់ជ្រើសរើសទីតាំងមួយនេះជូនប្រមុខរាជរដ្ឋាភិបាល។

សម្តចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់ផងដែរអំពីការរៀបចំឡើងវិញនូវក្រុមប្រឹក្សាទេសចរណ៍ ដែលមានការចូលរួមពីស្ថាប័នរដ្ឋ និងវិស័យឯកជនពាក់ព័ន្ធ ដើម្បីរៀបចំ និងដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ សំដៅអនុវត្តកម្មវិធីពិសេស «ទស្សនាសៀមរាបឆ្នាំ ២០២៤» ឱ្យបានរួចរាល់នៅមុនដំណាច់ឆ្នាំ២០២៣ ដោយផ្តោតលើចំណុចសំខាន់ មានជាអាទិ៍៖ ការផ្សព្វផ្សាយ, ការតភ្ជាប់ជើងហោះហើររវាងតំបន់ទេសចរណ៍សំខាន់ៗ, ការកែសម្រួល និងការផ្តល់សេវានៅពេលមកដល់, ពេលស្នាក់នៅ និងពេលត្រឡប់ទៅវិញ, តម្រូវការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជារួម ក៏ដូចជាការកែលម្អបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាពពីព្រលានយន្តហោះថ្មី មកកាន់ក្រុងសៀមរាប, ថ្លៃសំបុត្រចូលទស្សនារមណីយដ្ឋាននានា និងថ្លៃប្រតិបត្តិការក្នុងវិស័យអាកាសចរណ៍ ជាដើម។ ទន្ទឹមនឹងនេះ, រាជរដ្ឋាភិបាលនឹងពង្រឹងការគ្រប់គ្រង និងការបណ្តុះបណ្តាលមគ្គទ្ទេសក៍ទេសចរណ៍, ការបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញទេសចរណ៍, ការគ្រប់គ្រងបញ្ហាអនាម័យ, សន្តិសុខ និងសុវត្ថិភាព នៅតាមគោលដៅទេសចរណ៍សំខាន់ៗ, ការកំណត់ថ្លៃសមរម្យ, ការផ្សព្វផ្សាយនៅលើប្រព័ន្ធអ៊ីនធឺណិត ដែលប្រកបដោយភាពច្នៃប្រឌិត, និងការកាត់បន្ថយកម្រៃជើងសារ (Commissions) នៃកញ្ចប់ធ្វើដំណើរមកកម្ពុជា ជាដើម។ ដើម្បីគាំទ្រដល់កម្មវិធីពិសេសនេះ, រាជរដ្ឋាភិបាលក៏នឹងដាក់ចេញនូវវិធានការគាំទ្រមួយ ចំនួន ដែលមានជាអាទិ៍៖ (១.) ការពង្រឹងបដិសណ្ឋារកិច្ចតាមច្រកទ្វារព្រំដែន ដែលសាកល្បងមុនគេនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ, (២.) ការពង្រីកវិសាលភាពបណ្ណព្រំដែន, (៣.) ការផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិករទេសចរណ៍នៅក្នុងខេត្តសៀមរាប, (៤.) ការលើកទឹកចិត្តផ្នែកពន្ធដារ, (៥.) ការតភ្ជាប់ជើងហោះហើរដោយត្រង់ពីគោលដៅទេសចរណ៍ល្បីៗមកខេត្តសៀមរាប, និង (៦.) ការបញ្ចុះអត្រាថ្លៃលក់អគ្គិសនី ១៥% សម្រាប់បរិមាណអគ្គិសនីដែលប្រើលើសពីមធ្យមភាគ ចំពោះប្រតិបត្តិករក្នុងវិស័យទេសចរណ៍៕

Read Previous

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គាំទ្រ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនសាងសង់អាកាសយាន្តអន្តរជាតិសៀមរាប-អង្គរ ពង្រីកផែនការវិនិយោគ នៅក្នុងខេត្តសៀមរាប បន្ថែមទៀត ដើម្បីឱ្យខេត្តនេះក្លាយជាប៉ូលអភិវឌ្ឍន៍ពហុបំណងនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា

Read Next

មន្ត្រីយោធាម្នាក់ ត្រូវបានកសិករ .កា..ប់..បណ្ដាលឲ្យរបួ..ស