ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ នៅថ្ងៃអង្គារ បានថ្លែងថារដ្ឋបាលបាត់ដំបង នឹងធ្វើការរៀបចំការដាក់តាំងបង្ហាញម្ហូបអាហារអ្នកបាត់ដំបង រយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីអបអរសាទរ ខេត្តបាត់ដំបង បានជាប់ជាខេត្តមានការច្នៃប្រតិដ្ឋលើផ្នែកម្ហូបអាហាររបស់អង្គការUNESCO នាពេលកន្លងទៅថ្មីៗ និងដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២៤នាពេលខាងមុខដ៏ខ្លីនេះ ផងដែរ។
ឯកឧត្តមក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ នាំយកផលិលតផលម្ហូបអាហាររបស់ខ្លួន ចូលរួមក្នុងការដាក់តាំងពិព័រណនេះ ឱ្យបានច្រើនកុះករ និងកាន់តែផុសផុលថែមទៀត ដើម្បីលើកកម្ពស់ ម្ហូបអាហារអ្នកបាត់ដំបង ឱ្យកាន់តែមានភាពល្បីល្បាញ សាកសមជាមួយនឹងខេត្ត ដែលទើបតែជាប់ក្នុងបញ្ជី ការច្នៃប្រតិដ្ឋលើផ្នែកម្ហូបអាហាររបស់អង្គការUNESCO។
ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថា រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំធ្វើពិធីដាល់អំបុក និងអកអំបុក នៅឯបរិវេណសួនសម្ដេចក្រឡាហោម វិមានឯករាជ្យ ដើម្បីអបអរសាទរក្នុងឱកាសពិធីព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ ដោយរដ្ឋបាលខេត្ត នឹងជ្រើសរើសថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដូចនេះសូមមន្រ្ដីរាជការ ប្រជាពលរដ្ឋ ចូលរួមឱ្យបានច្រើនកុះករ ដើម្បីចូលរួមរក្សាអត្តសញ្ញាណ ពិធីដាល់អំបុក និងអកអំបុកនេះ ដល់កូនចៅជំនាន់ក្រោយបានស្គាល់អំពីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់យើង។
នៅសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានមានប្រសាសន៍ថ្លែងដល់រដ្ឋបាលក្រុងស្រុក អាជ្ញាធរ មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវខិតខំបន្តនិរន្ដរភាពការងារនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដោយមិនត្រូវដកដៃថយក្រោយឡើយ ពោលគឺត្រូវខិតខំយ៉ាងណា ឱ្យបាននូវលទ្ធផលការងារកាន់តែមានការរីកចម្រើនជាលំដាប់។
ឯកឧត្តមបានបន្តទៀតថា បញ្ហាគ្រឿងញៀននូវតែបញ្ហាចម្បងដែលយើងត្រូវបន្តយកចិត្តទុកដាក់ ដូចនេះត្រូវខិតខំស្រាវជ្រាវបង្រ្កាបឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុននូវអ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀនដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយជាពិសេសត្រូវពិនិត្យមើលកងកម្លាំងរបស់ខ្លួន ព្រោះកងកម្លាំងគឺជាគំរូមុនគេ ប្រសិនបើរកឃើញថាមានពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវចាត់វិធានការទៅតាមច្បាប់វិន័យរបស់កងកម្លាំង៕SRP