ខេត្តបន្ទាយមានជ័យ៖មន្ត្រីជំនាញនិងអាជ្ញាធរបាននិយាយថា ស្រូវប្រាំងរបស់ប្រជាកសិករ ដែលប្រឈមខ្វះទឹកស្រោចស្រព ក្នុងឃុំចំណោមនិងឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ស្ថិតនៅនៅក្រៅប្រព័ន្ធ (ធារាសាស្ត្រដែលផ្គត់ផ្គង់ទឹក?) និងនៅឆ្ងាយពីប្រភពទឹក។
នេះបើតាមលោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ អោយដឹងកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្នុងពេលចុះពិនិត្យ ទីតាំងស្រូវប្រាំង ដែលប្រឈមខ្វះទឹកក្នុងស្រុកមង្គលបូរី។
លោកបានបញ្ជាក់ថា៖ ទីតាំងស្រូវប្រាំងដែលប្រឈមខ្វះទឹកស្រោចស្រពនេះ មានចំនួន៤៨៧ហិកតា ស្ថិតនៅក្រៅប្រព័ន្ធ ដែលឆ្ងាយពីប្រភពទឹក ស្ថិតក្នុងភូមិសាស្ត្រឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
គួរកត់សម្គាល់ថា ក្នុងផែនការអោយកសិករធ្វើស្រូវប្រាំង រដូវប្រាំងនៅខេត្តបន្ទាយមានជ័យ របស់មន្ទីរកសិកម្ម រុក្ខប្រមាញ់និងនេសាទខេត្ត គឺមានចំនួនប្រមាណ២ម៉ឺន៧ពាន់ហិកតា។ ប៉ុន្តែជាក់ស្តែង ដូចរាល់ឆ្នាំដែរ ប្រជាកសិករបានផុលផុសធ្វើស្រូវប្រាំង ដល់ទៅចំនួន៧ម៉ឺនហិកតាឯណោះ។ ហេតុនេះ ប្រភពទឹកស្រោចស្រព មិនអាចធានាគ្រប់គ្រងបាននោះទេ៕
ស្រូវប្រាំងក្នុងឃុំចំនួនពីរ នៅ ស្រុកមង្គលបូរី ប្រឈមនិងខ្វះទឹក
Tags: ខេត្តបន្ទាយមានជ័យ