ព័ត៌មានទាន់ហេតុការណ៍ :

- ម្ចាស់ស្របច្បាប់ ព្រមានចាត់វិធានការផ្លូវច្បាប់លើ អធិការរងស្រុកវ៉ារិនមួយរូបនិងគូកន ដែលកំពុងចូលទៅរំលោភកាន់កាប់ដីរបស់គាត់ជិត៣៥ហិកតា - អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ
ថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២៤ ម៉ោង ៨:៤៧ ល្ងាច

អាជ្ញាធរខេត្តសៀមរាប ដាក់គោលដៅ១០ចំណុច ដើម្បីគ្រប់គ្រង ថែរក្សា និងការពារធនធានធម្មជាតិ

ខេត្តសៀមរាប៖អាជ្ញាធរបានដាក់គោលដៅ១០ចំណុចស្តីពីការពង្រឹងការគ្រប់គ្រង ការថែរក្សា និងការការពារធនធានធម្មជាតិ នៅខេត្តសៀមរាប។

កិច្ចប្រជុំ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ក្រោមវត្តមានលោក អ៉ឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានដឹកនាំ ដោយមានការចូលរួមពីលោក លោកស្រី មន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធផងដែរ។

ក្នុងកិច្ចប្រជុំ ស្តីពីការពង្រឹងការគ្រប់គ្រង ការថែរក្សា និងការការពារធនធានធម្មជាតិ នេះអាជ្ញាធរបានធ្វេីការការណែនាំ ដូចខាងក្រោម៖

១.ចាត់វិធានការចាំបាច់ក្នុងការពង្រឹងការគ្រប់គ្រងធនធាន ធម្មជាតិ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិតាមគ្រប់រូបភាពនៅក្នុងភូមិសាស្ត្ររបស់ខ្លួន។

២.ត្រូវដាក់ចេញនូវ ផែនការ និងវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់នៅក្នុងតំបន់ ការពារ និងអភិរក្សធម្មជាតិស្ថិតក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយប្រើប្រាស់នូវមធ្យោបាយសរុប និងកម្លាំងសរុបព្រមទាំងធ្វើការបែងចែក និងប្រគល់ការទទួលខុសត្រូវដល់អង្គភាព និងមន្ត្រីពាក់ព័ន្ធឱ្យទទួលបន្ទុកអនុវត្ត ភារកិច្ចរៀងៗខ្លួនក្រោមការត្រួតពិនិត្យ និងតាមដានជាប្រចាំ។ ប្រសិនបើមានភាពអសកម្មក្នុងការអនុវត្តវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាព កាប់បំផ្លាញព្រៃឈើ ដោយខុសច្បាប់ក្នុងតំបន់ការពារ និងតំបន់អភិរក្សធនធានធម្មជាតិ ត្រូវរាយការណ៍ និងលើកសំណើមកក្រសួងមហាផ្ទៃ ឬក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីសម្រួលភារកិច្ចមន្ត្រីដែលត្រូវទទួលខុសត្រូវនៅតំបន់នោះ ឬចាត់ វិធានការសម្រួលភារកិច្ចមន្ត្រីដែលទទួលខុសត្រូវតំបន់នោះក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខ្លួន។

៣.ក្នុងករណីចាំបាច់ ឬមានបទល្មើសពាក់ព័ន្ធនឹងព្រៃឈើ និងធនធានធម្មជាតិណាមួយកើត ឡើងដែលហួសពីសមត្ថភាពដោះស្រាយរបស់ខ្លួន ត្រូវស្នើសុំការអន្តរាគមន៍តាមឋានានុក្រមជាបន្ទាន់ពីគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទ ល្មើសធនធានធម្មជាតិ។

៤.រដ្ឋបាលឃុំ សង្កាត់ និងភូមិ ដែលជាអ្នកនៅផ្ទាល់នឹងមូលដ្ឋានត្រូវចូលរួមឱ្យបានសកម្មក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់ និងត្រូវរាយការណ៍ជាបន្ទាន់នៅពេលកើតមានសកម្មភាពកាប់បំផ្លាញព្រៃឈើដោយខុស ច្បាប់ក្នុងតំបន់ការពារ និងអភិរក្សធម្មជាតិក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

៥.ត្រូវខិតខំស្រាវជ្រាវស្វែងរក មេខ្លោង មេខ្យល់ ជនល្មើសដែលនៅពីក្រោយខ្នង អ្នកផ្តល់ថវិកាគាំទ្រញុះញង់ឱ្យមានការកាប់បំផ្លាញព្រៃ ទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់ ដោយអនុវត្តវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់។ ទន្ទឹមនោះត្រូវចាត់វិធានការ រដ្ឋបាល ឬវិធានការច្បាប់ យោងទៅតាមកម្រិតនៃបទល្មើសចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលឃុបឃិត ឬពាក់ព័ន្ធក្នុងការប្រព្រឹត្តបទល្មើសបំផ្លាញធនធានធម្មជាតិ។

៦.មិនត្រូវចុះហត្ថលេខាទទួលស្គាល់សិទ្ធិកាន់កាប់ដីធ្លី ដែលពុំ មានឯកសារ និងអំណះអំណាងគ្រប់គ្រាន់តាមផ្លូវច្បាប់ ជាពិសេសការបញ្ជាក់លើឯកសារសុំសិទ្ធិកាន់កាប់ និងឯកសារទិញ-លក់ដី ដោយខុសច្បាប់ក្នុងតំបន់ការពារ និងតំបន់អភិរក្សធនធានធម្មជាតិ។ ត្រូវមោឃភាព ឬបដិសេធនូវរាល់ឯកសារទិញលក់ និងឯកសារផ្ទេរសិទ្ធិ កាន់កាប់ដីធ្លីដែលស្ថិតនៅក្នុងតំបន់ការពារ និងអភិរក្សធនធានធម្មជាតិ ហើយត្រូវដកហូតដីធ្លីទាំងនោះរក្សា ទុកជាទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះមន្ត្រីមានសមត្ថកិច្ចណាដែលបញ្ជាក់ ឬចុះហត្ថលេខាលើឯកសារ លិខិតស្នាមមិនស្របច្បាប់នានា តាមច្បាប់ជាធរមាន។

៧.ត្រូវខិតខំអប់រំ ណែនាំ និងបកស្រាយបំភ្លឺអំពីស្ថានភាពនៃការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ ព្រមទាំងគោលការណ៍របស់រាជរដ្ឋាភិបាលក្នុងការខិតខំប្រឹងប្រែងដោះស្រាយដីធ្លីរបស់ប្រជាពលរដ្ឋ ក៏ដូចជាអប់រំឱ្យប្រជាពលរដ្ឋយល់ច្បាស់ពីឧបាយកលបំផុស អូសទាញរបស់ពួកមេខ្យល់ ឬជនខិលខូចមួយចំនួនដែលឆ្លៀតឱកាសកេងយកផលប្រយោជន៍ ឬកេង ចំណេញផ្នែកនយោបាយពីបញ្ហាដីធ្លីនេះ។

៨.ត្រូវខិតខំលើកទឹកចិត្តដល់ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន អង្គការសង្គមស៊ីវិល និងអ្នកពាក់ ព័ន្ធនានាចូលរួមទប់ស្កាត់ លុបបំបាត់ និងផ្តល់ព័ត៌មានបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទនៅតំបន់ការពារ និងអភិរក្សធនធានធម្មជាតិដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងត្រូវរៀបចំប្រព័ន្ធ HOTLINE ដើម្បី ទទួលព័ត៌មាន ឬបណ្ដឹងពីប្រជាពលរដ្ឋលើបញ្ហានេះ។

៩.ត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីដំឡើងឱ្យបាន ផែនទីកំណត់ព្រំ និងការបោះបង្គោលព្រំ ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងអំពីដីព្រៃអភិរក្ស និងតំបន់ការពារធម្មជាតិ។

១០.ក្នុងការចាត់ចែងអនុវត្តវិធានការនានា ពាក់ព័ន្ធនឹងការពង្រឹងការគ្រប់គ្រងតំបន់អភិរក្ស និង តំបន់ការពារធនធានធម្មជាតិ រដ្ឋបាលរាជធានី ខេត្ត ត្រូវរាយការណ៍ និងស្នើសុំយោបល់ពីក្រសួង ស្ថាប័នមាន សមត្ថកិច្ចពាក់ព័ន្ធនីមួយៗ៕SRP

Read Previous

ម្ចាស់ស្របច្បាប់ ព្រមានចាត់វិធានការផ្លូវច្បាប់លើ អធិការរងស្រុកវ៉ារិនមួយរូបនិងគូកន ដែលកំពុងចូលទៅរំលោភកាន់កាប់ដីរបស់គាត់ជិត៣៥ហិកតា

Read Next

អាជ្ញាធរខេត្តសៀមរាប ណែនាំចំនួន៧ចំណុច ដល់អ្នករកស៊ីសេវាដឹកភ្ញៀវទេសចរ