លោក ចែម ផានិត នាយការិល័យប្រឆាំងគ្រឿងញៀនខេត្តនិងនាយរងនគរបាលការិយាល័យគ្រឿងញៀនស្ទឹងត្រែង២នាក់ទៀត ត្រូវបានកម្លាំងប៉េអឹមចាប់ខ្លួននិងដកហូតបានគ្រឿងញៀនមួយចំនួន ប្រាក់ដុល្លាអាម៉េរិកសុទ្ធ៤ម៉ឹន និងប្រាក់ដុល្លាក្លែងក្លាយជាង១៧ម៉ឺន។
ប្រតិបត្តិការ ធ្វើឡើងនៅថ្ងៃទី២១កក្តដា ២០២៤ ក្រោយឡោមព័ទ្ធ ផ្ទះ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ខេត្តស្ទឹងត្រែង ស្ថិតនៅផ្លូវទំនប់បេតុងភូមិរាជានុកូល២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
យោងតាមព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថា កម្លាំកងរាជអាវុធហត្ថ ចុះឡោមព័ទ្ធនិងឃាត់ខ្លួន ប្រធានការិយាល័យគ្រឿងញៀន នៅគ្រានោះគឺយោងទៅតាមចម្លើយសារភាព របស់ជនសង្ស័យ ក្នុងករណីលួចនិងកាត់ខ្សែភ្លើងនិងប្រើប្រាស់គ្រឿងញៀន។ ចម្លើយសារភាពទាំងនោះ ក៏មានការពាក់ព័ន្ធអនុប្រធានការិយាល័យប្រឆាំងគ្រឿងញៀន ចំនួនពីរនាក់ថែមទៀតផង។ បន្ទាប់ការឃាត់ខ្លួនប្រធានការិយាល័យប្រឆាំងគ្រឿងញៀន រួមអនុប្រធាន២នាក់ផ្សេងទៀត កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានបន្តនីតិវិធីក្នុងការស្រាវជ្រាវស៊ើបអង្កេតយ៉ាងហ្មត់ចត់រយៈពេលបីថ្ងៃដើម្បីជៀសវាងប៉ះពាល់ដល់កិត្តិយស។
ក្រោយការស៊ើបអង្កេតកម្លាំងកងរាជអាវុធហត្ថ បានបញ្ជូនប្រធានការិយាល័យប្រឆាំងគ្រឿងញៀន រួមអនុប្រធានការិយាល័យចំនួនពីររូបទៀតទៅតុលាការហើយព្រះរាជអាជ្ញា ក៏បានចោទប្រកាន់និងបញ្ជូនបន្តទៅចៅក្រមស៊ើបសួរ និងបញ្ជូនបន្តទៅឃុំនៅពន្ធនាគារ។
ស្នងនគរបាលខេត្តស្ទឹងត្រែង លោក អូត ស៊ីវត្ថា បាននិយាយតាមប្រព័ន្ធតេឡេក្រាមប្រាប់សារព័ត៌មាន នៅថ្ងៃទី២៤ កក្តដា២០២៤ នេះថា ព្រោះនេះគ្រាន់តែជាចម្លើយសារភាព អាចោរលួចខ្សែភ្លើង ដែលវាប្រើប្រាស់គ្រឿងញៀនទេ បើភស្តុតាងពិតមិនពិត អាហ្នឹងអត់ទាន់មានទេ អញ្ចឹងបើមានភស្តុតាងពិតអាហ្នឹង ធ្វើតាមច្បាប់ចុះមានតែប៉ុនហ្នឹងទេ។
អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង លោក ឈុំ ស៊ាងហាក់ មានប្រសាសន៍ កាលពីព្រឹកថ្ងៃទី ២៤ កក្តដា ២០២៤ នេះដែរថា ក្នុងសំណុំរឿងខាងលើនេះ ព្រះរាជអាជ្ញានិងចៅក្រមបានចោទប្រកាន់រួចរាល់និងចេញដីកាឃុំខ្លួនរួចហើយ។ ចំណែកវត្ថុតាងរឹបអូសរួមមាន ប្រាក់ដុល្លារសុទ្ធចំនួន ៤ម៉ឺនដុល្លារ(បួនម៉ឺនដុល្លារ)ប្រាក់ដុល្លារក្លែងក្លាយ (លុយសែន) ចំនួន១៧៨.១០០ដុល្លារ (ដប់ប្រាំពីម៉ឺនប្រាំបីពាន់មួយរយដុល្លា) គ្រឿងគៀន ចំនួន៣,១៧ក្រាម ទូរស័ព្ទដៃ៥គ្រឿងរថយន្តម៉ាកហាយឡិនឌ័រ១គ្រឿង និងអាវុធខ្លី១ដើម គ្រាប់៣៤គ្រាប់៕SRP