មន្ត្រីមួយរូបនិងបក្សពួកត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួន ករណីឈូសឆាយ ដីតំបន់ហាមឃាត់។
យោងសេចក្ដីប្រកាសព័ត៌មាន របស់អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានឲ្យដឹងថា កាលពីថ្ងៃទី២៨ កក្ដដា ឆ្នាំ២០២៤ តំណាងអយ្យការ បានទទួលចាត់ការសំណុំរឿង ព្រហ្មលេខ ៧៥១ ចុះថ្ងៃទី២៨ ខែកក្ដដា ២០២៤ ទាក់ទិននឹងករណី បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត (ដីព្រៃលិចទឹក) ដែលអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនមក។ ក្រោយពីស្ដាប់ចម្លើយរបស់ជនសង្ស័យ និងពិនិត្យភស្តុតាង ព្រមទាំងឯកសារពាក់ព័ន្ធ ក្នុងសំណុំរឿងរួចមក តំណាងអយ្យការបានសម្រេចចោទប្រកាន់លើបុគ្គលពីររូប គឺទី១ ឈ្មោះ ហេ គឿន ភេទប្រុស អាយុ៥៨ឆ្នាំ តួនាទី ជាប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍ ក្រុងស្ទឹងសែន ពីបទ បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត និងទី២ ឈ្មោះ សែ សុងហេង ភេទប្រុស អាយុ៥៨ឆ្នាំ ទីលំនៅភូមិម្នាវ សង្កាត់ស្រយ៉ូវ ពីបទ សមគំនិតក្នុងអំពើបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត ប្រព្រឹត្តទៅនៅចំណុចដីតំបន់ស្នងម៉ែន ជាតំបន់ហាមឃាត់ ក្នុងភូមិសាស្ត្រភូមិស្រយ៉ូវត្បូង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី២០ ខែមិនា ២០២៣ តាមមាត្រា២៩ និងមាត្រា៦០១ នៃក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ និងមាត្រា៣២ នៃច្បាប់ស្ដីពីការប្រឆាំងអំពើរពុករលួយឆ្នាំ២០១០។
ករណីឈានដល់ការចាប់ខ្លួនបុគ្គលពីររូបនេះ ព័ត៌មានគួរឲ្យទុកចិត្តបានបញ្ជាក់ថា ឈ្មោះសែ សុងហេង គឺជាជនដៃដល់ម្នាក់ ក្នុងចំណោមច្រើននាក់ដែលបានចូលកាន់កាប់ ឈួសឆាយដីព្រៃលិចទឹក ចាប់ពីចំណុចទួលគោកព្រះ ព្រំប្រទល់ខេត្តកំពង់ឆ្នាំង កំពង់ធំ តំបន់ស្នងមែន រហូតដល់តំបន់ក្រពើគោះ និងចំណុចខាងត្បូងអាងស្នែងក្របី។ ប្រភពព័ត៌មានបានបង្ហើបថា ឈ្មោះ សែ សុងហេង គឺជាអ្នករៀបដីឲ្យបុគ្គលអ្នកមានលុយ និងមានអំណាចមួយចំនួន។
ការឃាត់ខ្លួនមនុស្សពីរនាក់ នេះ មហាជនក្នុងខេត្តកំពង់ធំ កំពុងរងចាំមើល ជោគវាសនារបស់បុគ្គល ដៃដល់មួយចំនួនទៀតដែលកំពុងសំងំលាក់ខ្លួន។ ដោយហេតុថា បញ្ហាឈួសឆាយហែករានទន្ទ្រានដីតំបន់បីក្នុងខេត្តកំពង់ធំ គឺចំណុចក្ដៅគគុក ដែលអូសបន្លាយពេលច្រើនឆ្នាំមកហើយ ហើយពុំទាន់មានស្ថាបប័នណាបំបែកសំណុំបានឡើយ បើទោះប្រមុខរដ្ឋាភិបាល ប្រកាសច្រើនលើកច្រើនសារក៏ដោយ។
សូមរំលឹកផងដែរថា កន្លងមក សម្ដេចហ៊ុន ម៉ាណែត បានដាក់បទបញ្ជារឲ្យរដ្ឋបាលខេត្ត ទាំង6ជុំវិញបឹងទន្លេសាប ការពារដីតំបន់បីឲ្យបានជាដាច់ខាត ហើយជាក់ស្ដែងកាលពីពេលថ្មីៗ កន្លងទៅនេះ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ គឺបានប្រកាសហាមឃាត់ មិនឲ្យមានការរុករានទន្ទ្រានដីតំបន់ហាមឃាត់យកធ្វើកម្មសិទ្ធនោះទេ៕SRP