ព័ត៌មានទាន់ហេតុការណ៍ :

- ម្ចាស់ស្របច្បាប់ ព្រមានចាត់វិធានការផ្លូវច្បាប់លើ អធិការរងស្រុកវ៉ារិនមួយរូបនិងគូកន ដែលកំពុងចូលទៅរំលោភកាន់កាប់ដីរបស់គាត់ជិត៣៥ហិកតា - អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ
ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៤ ម៉ោង ១:៤៩ ល្ងាច

រាជរដ្ឋាភិបាលកម្ពុជា ធានាការពារជាដាច់ខាត នូវសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ទោះក្នុងតម្លៃណាក៏ដោយ

រាជរដ្ឋាភិបាលកម្ពុជា ធានាការពារជាដាច់ខាត នូវសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ទោះក្នុងតម្លៃណាក៏ដោយ

ប៉ុន្មានថ្ងៃចុងក្រោយនេះ ខ្ញុំបានឆ្លើយសំណួរអ្នកសារព័ត៌មានជាច្រើនពាក់ព័ន្ធនឹងការអំពាវនាវរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេសដែលយកបញ្ហានៅប្រទេសបង់ក្លាដេសមកបំផុសឱ្យមានចលនាបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជាតាមការស្រមើស្រមៃរបស់ខ្លួន។

ខ្ញុំសូមបញ្ជាក់ជូនជាថ្មីដូចតទៅ៖ ការប៉ុនប៉ងបំផុសចលនាបដិវត្តន៍ពណ៌នៅកម្ពុជាគឺជាអំពើប្រឆាំងនឹងច្បាប់ ប្រឆាំងនឹងសន្តិភាព ប្រឆាំងនឹងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ និងប្រឆាំងឆន្ទៈក៏ដូចជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ។ ហេតុអ្វី?

ទី១. រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាកើតចេញពីការបោះឆ្នោត ស្របច្បាប់ដោយប្រជាពលរដ្ឋខ្មែរ។ ដូច្នេះ ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដោយប្រើមធ្យោបាយហិង្សា មិនប្រជាធិបតេយ្យគឺជាអំពើល្មើសច្បាប់។ នេះសបញ្ជាក់ថា ក្រុមជ្រុលនិយមមួយក្តាប់តូចនេះតែងប្រព្រឹត្តខុសច្បាប់ជារៀងរហូតមក ហើយទោសដែលពួកគេមានជាប់ខ្លួនគឺជាឧទាហរណ៍ស្រាប់។

ទី២. ប្រទេសកម្ពុជាមានសន្តិភាពពេញលេញចាប់ពីឆ្នាំ ១៩៩៨ មកក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន។ សន្តិភាពមានតម្លៃខ្ពស់ណាស់មិនអាចកាត់ថ្លៃបានពីព្រោះវាបានអនុញ្ញាតឱ្យប្រទេសជាតិស្គាល់ការអភិវឌ្ឍមិនធ្លាប់មានពីមុន និងបានផ្តល់ក្តីសុខនិងអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរគ្រប់គ្នា។ ដូច្នេះ ការប៉ុនប៉ងអូសទាញប្រទេសឱ្យធ្លាក់ក្នុងសភាពវឹកវរ ហិង្សា បង្ហូរឈាម ដែលបើកផ្លូវឱ្យសង្គ្រាមស៊ីវិលកើតឡើងសារជាថ្មីគឺជាអំពើប្រឆាំងសន្តិភាពដែលអាជ្ញាធររាជរដ្ឋាភិបាលមិនអនុញ្ញាតជាដាច់ខាត។

ទី៣. កម្ពុជាពីអតីតកាលដែលរងការបំផ្លិចបំផ្លាញខ្ចេចខ្ទាំ រហូតដល់ធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ កាប់សម្លាប់គ្នាស្ទើរផុតរលត់ពីផែនដី ដោយសារអ្នកនយោបាយខ្មែរប្រើវប្បធម៌នយោបាយដណ្តើមអំណាចគ្នាដោយចុងកាណុង។ ប៉ុន្តែ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា វប្បធម៌នយោបាយនេះត្រូវបានផ្លាស់ប្តូរមកជាការជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យវិញ។ ដូច្នេះ ការប៉ុនប៉ងណាមួយចង់ផ្តួលរំលំរាជរដ្ឋាភិបាលតាមមធ្យោបាយបដិវត្តន៍ពណ៌គឺជាអំពើប្រឆាំងនឹងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យដែលមិនអាចទទួលយកបាន។

ទី៤. ប្រជាពលរដ្ឋខ្មែរបាននិងកំពុងទទួលផលពីសុខសន្តិភាពនិងការអភិវឌ្ឍហើយពួកគេដឹងច្បាស់ថា សន្តិភាពនិងការអភិវឌ្ឍគឺស្នាដៃដឹកនាំរបស់រាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា។ ហេតុនេះហើយបានជាពួកគេបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យដឹកនាំប្រទេសរហូតមក។ ជាក់ស្តែង ការបោះឆ្នោតចុងក្រោយនេះ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រជាង ៨២% នៃចំនួនអ្នកបោះឆ្នោតដែលជាអត្រាគាំទ្រខ្ពស់បំផុត។ ដូច្នេះ អំពើរបស់ជនជ្រុលនិយមមួយក្តាប់តូចដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលគឺផ្ទុយស្រឡះពីឆន្ទៈនិងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរដែលចង់រស់នៅក្នុងសុខសន្តិភាពនិងមិនចង់ភ្លក់រសជាតិនៃភាពវឹកវរ អសន្តិសុខ និងសង្គ្រាមស៊ីវិលម្តងទៀតឡើយ។

ទី៥. រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្នមានគោលជំហរច្បាស់លាស់ ម៉ឺងម៉ាត់ ឥតងាករេ គឺការពារឱ្យបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ទោះជាក្នុងតម្លៃណាក៏ដោយ។ នេះគឺជាភាពកក់ក្តៅដែលរាជរដ្ឋាភិបាលធានាជូនជាតិនិងប្រជាពលរដ្ឋខ្មែរទាំងក្នុងអតីតកាល បច្ចុប្បន្ន និងតទៅអនាគត៕

អត្ថបទដោយ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល

Read Previous

ប៉ូលិសខេត្តកំពង់ធំ បំ..បែ..កក្..មេ..ងទំនើ..ង

Read Next

រដ្ឋមន្ត្រីសន្យាដោះស្រាយ បញ្ហារបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ