ខេត្តសៀមរាប៖មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបានថ្លែងថា ក្នុងសម័យបដិវត្តឧស្សាហកម្ម៤.០ វិស័យព័ត៌មានកាន់តែមានភាពទំនើប ហើយប្រជាជនគ្រប់រូបសុទ្ធតែមានប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន។ ប៉ុន្តែសម្រាប់អ្នកសារព័ត៌មានអាជីព ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន គឺជាអាវក្រោះការពារខ្លួនយើងឲ្យមានសុវត្ថិភាព កិត្តិយស និងសេចក្តីថ្លៃថ្នូរ ។ ដូច្នេះការគោរពបាននូវក្រមវិជ្ជាជីវៈនេះ គឺជាការផ្តល់តម្លៃដល់អាជីពរបស់យើង។ សម្រាប់ខេត្តសៀមរាប ជាគោលដៅដំបូងគេបង្អស់ ដែលក្រសួងព័ត៌មាន បានរៀបចំធ្វើការផ្សព្វផ្សាយពី ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន បន្ទាប់ពីបានដាក់ឱ្យអនុវត្តន៍ជាផ្លូវការកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤។
លោកជា ច័ន្ទបរិបូរណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន មានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃសុក្រនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាល និងផ្សព្វផ្សាយធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដល់អ្នកសារព័ត៌មាន កងកម្លាំង និងមន្ទីរ អង្គភាពជុំវិញខេត្ត នៅសាលាខេត្តសៀមរាប។
លោកបន្ថែមថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះដែរ ឯកវាជាគោលការណ៍មូលដ្ឋានគ្រឹះ នៃក្រមវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ដែលនឹងជួយឱ្យអ្នកសារព័ត៌មាន និងសាធារណជនទូទៅ យល់កាន់តែច្បាស់ ពីសិទ្ធក្នុងការផ្សព្វផ្សាយព័ត៌មាន និង ចៀសវាងការផ្សាយព័ត៌មាន ទាំងឡាយណាមិនច្បាស់លាស់ ដែលអាចបង្កឲ្យមានចលាចលសង្គម។
មានប្រសាសន៍ ពិធីសំណេះសំណាល បិទកម្មវិធី លោក ង៉ូវ សេងកាក់ អភិបាលរង តំណាងអភិបាលខេត្តសៀមរាប បញ្ជាក់ថា ពិធីនេះ ជាស្ពានចម្លងសម្រាប់ជំនួប រវាងអាជ្ញាធរ ជាមួយអ្នកសារព័ត៌មាន ក្នុងខេត្ត ដើម្បីជំរុញឲ្យមានកិច្ចសហការល្អ រវាងគ្នា ក៏ដូចជាធ្វើការបញ្ជ្រាបបន្ថែមពីសេរីភាពសារព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មាន ដែលត្រឹមត្រូវ ព្រមទាំងមានប្រភពច្បាស់លាស់។
អភិបាលរងខេត្តរូបនេះ ក៏បានថ្លែងកោតសរសើចំពោះ មន្ទីរព័ត៌មានខេត្ត ក៏ដូចជាអ្នកសារព័ត៌មាន ក្នុងខេត្តសៀមរាប ដែលកន្លងមក តែងបានធ្វើការផ្សព្វផ្សាយនូវព័ត៌មានវិជ្ជមាននានា ដើម្បីលើកម្ពស់វិស័យទេសចរណ៍ ក៏ដូចជាជាសេដ្ឋកិច្ចក្នុងខេត្តទាំងមូលផងដែរ។
យោងតាមរបាយការណ៍របស់ លោក សេង ផល្លី ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប ស្តីទី បានឲ្យដឹងថា សម្រាប់ខេត្តសៀមរាប ២០២៤ គឺជាឆ្នាំដ៏មមាញឹកនៃការរៀបចំព្រឹត្តិការណ៍តូច ធំ ថ្នាក់ជាតិ និងអន្តរជាតិ ដែលនេះជាការគិតគូរយ៉ាងហ្មត់ចត់ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល រួមមាន “ឆ្នាំទស្សនាសៀមរាប” “ការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន” ព្រមជាមួយការចូលរួមបង្កើតព្រឹត្តិការណ៍លំដាប់ជាតិ អន្តរជាតិ ជាច្រើនទៀត ដើម្បីបង្កើនចលនាទេសចរណ៍ ដែលជាចរន្តសេដ្ឋកិច្ចអាទិភាពរបស់ខេត្ត។
ទន្ទឹមនោះ ក្រសួងព័ត៌មាន ក៏ដូចជារដ្ឋបាលខេត្ត បានខិតខំយ៉ាងសស្រាក់ស្រាំ ក្នុងការផ្សព្វផ្សាយពីការអភិវឌ្ឍ និងផលិតផលទេសចរណ៍ក្នុងខេត្ត តាមគ្រប់រូបភាព លើសពីនោះ អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអ្នកសារព័ត៌មាន សូមចូលរួមផ្សព្វផ្សាយដំណឹងល្អៗក្នុងខេត្តទាំងអស់នោះ ដើម្បីជាការទាក់ទាញទៅដល់ភ្ញៀវជាតិ និងអន្តរជាតិ។ បន្ថែមលើនេះ មន្ទីរព័ត៌មានរាជធានីខេត្តនិយាយជារួម និងនិយាយដោយឡែក មន្ទីរព័ត៌មានខេត្តសៀមរាប បានទទួលនូវការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលក្រៅពីភារកិច្ចប្រមូល និងចែកចាយព័ត៌មាន មន្ទីរព័ត៌មាន ក៏ជាសេនាធិការចម្បងរបស់រដ្ឋបាលខេត្ត ក្នុងការអនុវត្តកិច្ចការសាធារណមតិ និងបុរេសកម្ម ក្នុងភូមិសាស្ត្ររបស់ខ្លួន៕SRP