ភ្នំពេញ៖សម្ដេចធិបតីហ៊ុន ម៉ាណែត បានថ្លែងផ្ញើសារសូមអរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានជួយកែសម្រួលបន្ធូរបន្ថយលក្ខខណ្ឌនៃការថតរូបនៅក្នុងតំបន់ប្រាសាទអង្គរវត្ត ក៏ដូចជាខិតខំប្រឹងប្រែងក្នុងការការពារនិងអភិរក្សតំបន់ប្រាសាទរបស់យើង។
សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត នៅថ្ងៃសៅរ៍នេះ ក៏បានអំពាវនាវសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេស ទៅលេងប្រាសាទអង្គរវត្តឱ្យបានច្រើន និងជួយថតផ្សព្វផ្សាយអំពីស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរយើងឱ្យបានកាន់តែទូលំទូលាយ។
សម្ដេចអធិបតីហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ផងដែរថា «ស្លឹកឈើតូចៗអាចធ្វើឱ្យស្ទះលូ ឬទឹកហូរយឺតបាន។ ហេតុដូច្នេះការយកស្លឹកឈើទាំងនោះចេញ ជាការចាំបាច់ដើម្បីអោយទឹកហូរបានលឿន»។
សម្ដេចបន្តថា៖ក្នុងន័យនេះខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការកែសម្រួលបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួន ពាក់ព័ន្ធនឹងការថតរូបនៅតំបន់អង្គរ នឹងជួយជំរុញលើកទឹកចិត្តការថតរូប និងផ្សព្វផ្សាយកេរមរតកដូនតារបស់ខ្មែរយើងឱ្យបានកាន់តែច្រើន៕SRP