ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានមានប្រសាសន៍ថ្លែងអំណរគុណ និងសួរសុខទុក្ខដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃអាវុធហត្ថខេត្តសៀមរាប ទាំងអស់ ដែលបានទទួលស្វាគមន៍ចំពោះរូបលោក ដែលទើបតែឡើងកាន់តំណែងជាមេបញ្ជាការថ្មី យ៉ាងកក់ក្តៅបំផុត។ លោកឧត្តមសេនីយ៍ត្រី ក៏បានណែនាំដល់កម្លាំងក្រោមឱវាទទាំងអស់ ត្រូវចេះសាមគ្គីភាពផ្ទៃក្នុង និងរួមគ្នារៀបចំកសាងអង្គភាពកងរាជអាវុធហត្ថខេត្តសៀមរាប អោយកាន់តែរីកចម្រើនបន្ថែមទៀត។
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មានប្រសាសន៍បែបនេះ ក្នុងឱកាស ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីវឌ្ឍនភាពការងារថ្មី នៃកងរាជអាវុធហត្ថខេត្តសៀមរាប នៅថ្ងៃចន្ទនេះ។
កិច្ចប្រជុំនេះ មានការចូលពី លោកមេបញ្ជាការរង និងជានាយសេនាធិការ លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន-អនុប្រធានមន្ទីរទាំង៧ លោកប្រធានអង្គភាពនគរបាលយុត្តិធម៌ នាយលេខាធិការដ្ឋាន លោកមេបញ្ជាការកងអន្តរាគមន៍ នាយ-នាយរងការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានក្រុងស្រុកទាំង១៣ ព្រមទាំងសមាជិកអាវុធហត្ថជាច្រើនរូបទៀតផងដែរ។
លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានធ្វើការប្រគល់ជូននូវសម្ភារៈគ្រឿង បំពាក់បន្ថែម ជូនដល់កម្លាំងក្នុងទីបញ្ជាការ កងអន្តរាគមន៍ រួមទាំងតាមបណ្តាក្រុង ស្រុក ទាំង១៣ នៃកងរាជអាវុធហត្ថខេត្តសៀមរាប។ ក្នុងនោះមានដូចជាអាវចាំងពន្លឺ មួកសុវត្ថិភាព និងកៅអី ដើម្បីពង្រឹងការងារ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕SRP