ខេត្តកណ្ដាល៖លោកគួច ចំរើន អភិបាលខេត្តកណ្ដាល ព្រមាន លោកស្រី ចាន់ ណារី ម្ចាស់អាជីវកម្មទឹកស្អាតនៅស្រុកស្អាង និងក្រុងតាខ្មៅ ដោយទុករយៈពេល ០១ខែ ដើម្បីកែលម្អបញ្ហា និងភាពអសកម្មខាងលើប្រសិនបើមិនកែប្រែ រដ្ឋបាលខេត្តនឹងចាត់ វិធានការច្បាប់តាមនីតិវិធីជាធរមាន។
លិខិតរបស់អភិបាលខេត្តកណ្ដាលបានបង្ហាញថា
ជម្រាបមក
លោកស្រី ចាន់ ណារី ម្ចាស់អាជីវកម្មទឹកស្អាតនៅស្រុកស្អាង និងក្រុងតាខ្មៅ
កម្មវត្ថុ ៖ ស្តីពីការព្រមានទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកស្អាង និង
ក្រុងតាខ្មៅ។ យោង ៖ ប្រកាសលេខ ០៩២ MIH/២០១៩ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូន លោកស្រី ចាន់ ណារី ម្ចាស់ អាជីវកម្មទឹកស្អាតជ្រាបថា រដ្ឋបាលខេត្ត បានទទួលមតិរិះគន់ជាច្រើនពីប្រជាពលរដ្ឋទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាតមិនមានគុណភាពស្របតាមស្តង់ដារកំណត់ ទឹកមានសភាពល្អក់ និងប្រើប្រាស់មិនគ្រប់គ្រាន់ ដែលកន្លងមកអាជ្ញាធរ ឃុំ ស្រុក ខេត្ត ធ្លាប់បានដោះស្រាយជាច្រើនលើកជាច្រើនសារ ប៉ុន្តែបញ្ហានេះអូសបន្លាយរហូតមកដល់បច្ចុប្បន្ន។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកស្រី ចាន់ ណារី ម្ចាស់អាជីវកម្មទឹកស្អាត អនុវត្ត កាតព្វកិច្ចរបស់ខ្លួនក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ក្នុងដែនអាជ្ញាបណ្ណរបស់ខ្លួនឱ្យបានល្អប្រសើរ ដោយ ទុករយៈពេល ០១ខែ ដើម្បីកែលម្អបញ្ហា និងភាពអសកម្មខាងលើប្រសិនបើមិនកែប្រែ រដ្ឋបាលខេត្តនឹងចាត់ វិធានការច្បាប់តាមនីតិវិធីជាធរមាន៕SRP