លោកស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា អាជ្ញាធរ និងកងកម្លាំងទាំងអស់ មិនត្រូវមើលស្រាល ចំពោះសភាពការណ៍ក្នុងសង្គម ជាពិសេសការព្យាយាមបង្កាត់ភ្លើងពីសំណាក់ក្រុមប្រឆាំងក្រៅច្បាប់។
ក្នុងពិធីសំណេះសំណាល និងផ្ដល់អំណោយលើកទឹកចិត្តដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅថ្ងៃអាទិត្យនេះ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានលើកយកករណីប៉ុនប៉ង ធ្វើកុបកម្មរបស់ក្រុមប្រឆាំង កាលពីថ្ងៃទី១៨ សីហា មកពន្យល់ដោយបដិសេធចំៗ ចំពោះការលើកឡើងពីបុគ្គលមួយចំនួន ដែលទៅដើរនិយាយថា រាជរដ្ឋាភិបាល ហាក់ដូចជាត្រៀមលក្ខណៈជ្រុលហួសហេតុពេក ចំពោះព្រឹត្តិការណ៍នេះ។ បើតាមលោក ស សុខា ការមើលស្រាលសភាពការណ៍ នឹងផ្ដល់លទ្ធផលអាក្រក់ មិនខុសពីអ្វីដែលបាននឹងកំពុងកើតឡើងនៅប្រទេសបង់ក្លាដេស នោះទេ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្ថែមទៀតថា ព្រឹត្តិការណ៍ ១៨ សីហា ក្រុមជ្រុលនិយម បានបង្វែពីការធ្វើបាតុកម្ម ជំទាស់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ ទៅជាការបំផុសចលនាផ្ដួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ ដោយផ្សព្វផ្សាយឱ្យយុវជន និងអ្នកមាននិន្នាការមិនពេញចិត្តរាជរដ្ឋាភិបាល ធ្វើដំណើរមកជួបជុំគ្នា នៅរាជធានីភ្នំពេញ រហូតមានមនុស្សមួយចំនួនតូច ត្រូវសមត្ថកិច្ចចាប់ខ្លួន និងរកឃើញភស្តុតាង ដូចជា៖ អាវុធកែច្នៃ ដបសាំង និងបណ្ដាញទំនាក់ទំនងធ្វើសកម្មភាព។
លោក ស សុខា ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរ និងកងកម្លាំង នៃរដ្ឋបាលខេត្តព្រៃវែង ដែលអនុវត្តផែនការការពារសន្តិសុខ បានយ៉ាងល្អប្រសើរ រួមចំណែកជាមួយរាជរដ្ឋាភិបាល ទប់ស្កាត់ដោយជោគជ័យការប៉ុនប៉ង ធ្វើកុបកម្មរបស់ក្រុមជ្រុលនិយម៕SRP