ខេត្តសៀមរាប៖នាយឧត្តមសេនីយ៍ ជួន សុវណ្ណា បានលើកឡេីងថា រាល់ប្រតិបត្តិករល្បែងផ្សងសំណាង ដែលពុំមានអាជ្ញាបណ្ណល្បែង ផ្សងសំណាង អាជ្ញាបណ្ណសាខា ឬ លិខិតអនុញ្ញាត្តប៉ុស្តិ៍សេវា ល្បែងផ្សងសំណាង ត្រូវចាត់ទុក ការធ្វើអាជីវកម្មល្បែងស៊ីសងខុសច្បាប់ និង ត្រូវផ្តន្ទាទោសតាមច្បាប់បង្ក្រាបល្បែងស៊ីសង។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវពង្រឹងការអនុវត្តច្បាប់ ស្តីពីការបង្ក្រាបល្បែងស៊ីសង ដែលត្រូវបានប្រកាសឲ្យប្រើ ដោយហាមឃាត់ដាច់ខាត់ល្បែងស៊ីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងនៅកម្ពុជា លើកលែងតែទទួលបានការអនុញ្ញាត្តពីរាជរដ្ឋាភិបាល និងត្រូវបង្កើនការត្រួតពិនិត្យ ត្រូវស៊ើបបញ្ជាក់ជាប្រចាំ ចំពោះប្រតិបត្តិការ អាជីវកម្ម ល្បែងផ្សងសំណាង ទាំងមានអាជ្ញាបណ្ណ លិខិតអនុញ្ញាត្ត និង មិនមានច្បាប់ឲ្យដល់ទីតាំង ដើមី្បចាត់វិធានការតាមផ្លូវច្បាប់។
លោកថាក្នុងកិច្ចប្រតិបត្តការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ត្រូវរកឲ្យឃើញជនល្មើស និង ជនផ្សំគំនិត ដើមី្បផ្តន្ទាទោសទៅតាមច្បាប់ ឲ្យបានត្រឹមត្រូវ។
លោកបានជំរុញដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវដឹកនាំអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ឲ្យបង្កើនការថែរក្សាការពារ សន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងក្របខណ្ឌមូលដ្ឋានរបស់ខ្លួនទាំងមូល សំខាន់សន្តិសុខទេសចរណ៍ ដោយខេត្តសៀមរាបជាគោលដៅភ្ញៀវទេសចរណ៍ ដោយត្រូវបន្តជម្រុញ លើកទឹកចិត្តប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមអនុវត្តគោល នយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងលើកកម្ពស់សុវត្ថិភាពចរាចរផ្លូវគោកផងដែរ។
លោកក៏បានជម្រុញដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក និង អង្គភាពពាក់ព័ន្ធ ត្រូវពង្រឹងកិច្ចសហការគ្នាឲ្យស្អិតរមួត ក្នុងការគ្រប់គ្រងតាមដាន និងការត្រួតពិនិត្យជាប់ជាប្រចាំ ចំពោះរាល់សកម្មភាពលួចលាក់ បង្កប់លេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយត្រូវតែចាត់វិធានការម៉ឺងម៉ាត់តាមច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធជាធរមានឲ្យបានទាន់ពេល។
សូមជម្រាបថានៅថ្ងៃទី ២៩ ខែ សីហា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំគណៈបញ្ជាការឯករដ្ឋបាលខេត្តសៀមរាប ជាមួយក្រុមការងារពិសេស តាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រី ពាក់ព័ន្ធ និងកិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្រោមកិច្ចដឹកនាំរបស់លោក នាយឧត្តមសេនីយ៍ ជួន សុវណ្ណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេស តាមដានការអនុវត្តគោលការណ៍របស់ នាយករដ្ឋមន្ត្រី ពាក់ព័ន្ធ និងកិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និង លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប្រតិភូអមដំណើរ ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្ត អស់លោកលោកស្រី ស្នងការរង មេបញ្ជាការ បញ្ជាការរង ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត គណៈអភិបាលក្រុង ស្រុក អធិការនគរបាល កងរាជអាវុធហត្ថ ផ្នែកសឹករង ក្រុង ស្រុក ប្រមាណជា ១៥០នាក់ចូលរួម៕SRP