ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋរាប់រយគ្រួសារ បានកើតទុក្ខនិងសុខចិត្ត ចំពោះការសម្រេចចិត្តរបស់អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី ដោយពួកគាត់អះអាងថា មិនព្រមតាមការសម្រេចចាប់ឆ្នោតដែលមិនប្រក្រតី មិនសមស្រប របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រូបនេះ។
ក្នុងលិខិតមានស្នាមមេដៃប្រជាពលរដ្ឋ រាប់រយគ្រួសារ ដែលបានគោរពជូនសម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុនម៉ា ណែត ចុះថ្ងៃទី 30 ខែសីហាឆ្នាំ 2024។
យោងតាម៖ អនុក្រឹត្យលេខ ៥៧ អនក្រ.បកចុះថ្ងៃទី ៦ ខែមិនា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា និង ប្រកាសលេខ ០៧៧ ដនស ប្រ.កអសដភ ចុះថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០២៣។
កម្មវត្ថុ៖ យើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋ មានដីស្រែកាន់កាប់និងអាស្រ័យផល តាមចំណែករាងៗខ្លួនចាប់តាំងពីឆ្នាំ២០០៤ រហូតមក ដល់បច្ចុប្បន្នដែលមានទីតាំងនៅភូមិ បត់ត្រង់ ឃុំប្រាសាទ និងភូមិកាបៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងមានកិច្ចសន្យាផ្ទេរសិទ្ធិ ដីធ្លីស្របច្បាប់ ដែលមានអាជ្ញាធរួមមាន មេភូមិ មេឃុំ បានទទួលដឹងលឺ និងមានឯកសារបញ្ជាក់ច្បាស់ៗ ទាំងអស់ សរុបដីស្រែចំនួន ១៣០២ហិតតា។
នៅឆ្នាំ២០២១ អាជ្ញាធរភូមិ ឃុំ ស្រុក និងខេត្ត បន្ទាយមានជ័យ បានចុះ ពិនិត្យនិងកំណត់ចំណាត់ថ្នាក់ដីឡើងវិញ ឃើញថា ដីស្រែរបស់ពួកយើងខ្ញុំ មានទីតាំងស្ថិតនៅតំបន់៣។ ក្នុងឆ្នាំ២០២២ រាជរដ្ឋាភិបាល បានពិនិត្យកែសម្រួល និងធ្វើចំណាត់ថ្នាក់ឡើងវិញម្តងទៀតឃើញថា ដីស្រែរបស់ពួកយើងខ្ញុំ កំពុងស្ថិតនៅតំបន់២ មិនមែន តំបន់៣ នោះឡើយ។ ក៏ប៉ុន្តែ អាជ្ញាធរថ្នាក់ខេត្តបន្ទាយមានជ័យមិនបានប្រគល់ដីស្រែទាំងនោះ មកអោយពួកយើងខ្ញុំ ដែលជាប្រជាពលរដ្ឋ ធ្លាប់បានកាន់កាប់ដីស្រែនិងអាស្រ័យផលជាយូរមកហើយ និងបន្តអោយធ្វើស្រែចំការ នៅលើដីស្របតាម អនុក្រឹត្យលេខ ៥៧ អនក្រ.បកចុះថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២៣ របស់រាជរដ្ឋភិបាលកម្ពុជា និង ប្រកាសលេខ ០៧៧ ដនស/ប្រ.ក/អសដភ ចុះថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០២៣ នោះ វិញទេ។
បែរជាយកដី របស់ពួកយើងខ្ញុំទាំងអស់គ្នា សរុបផ្ទៃដីចំនួន ១៣០២ ហិតតា មកចាប់ឆ្នោត បែងចែកដីអោយទៅបុគ្គល មិនដែលបានមកអាស្រ័យផល លើដីស្រែទាំងនោះផង បែរជាមានមុខចាប់ឆ្នោត យកដីស្រែទាំងអស់នោះផងដែរ។ ពួកយើងខ្ញុំដែលជាប្រជាពលរដ្ឋ ស្លូតត្រង់កើតទុក្ខមិនសុខចិត្ត និងមានក្តី ឈឺចាប់យ៉ាងខ្លាំងចំនួន ២២០គ្រួសារ ដែលមានដីស្រែនៅភូមិបត់ត្រង់ ឃុំប្រាសាទ និងភូមិកាបៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាអ្នកបានកាន់កាប់លើដីស្រែពិតប្រាកដ សូមមិនយល់ស្របតាម សម្រេចរបស់អាជ្ញាធរខេត្ត បានប្រមូលហៅពួកយើងខ្ញុំ មកសម្របសម្រួលចំនួន២ លើកមកហើយ នៅសាលា ខេត្តបន្ទាយមានជ័យ តែពួកយើងខ្ញុំទាំងអស់គ្នា មិនព្រមតាមការសម្រេចចាប់ឆ្នោតដែលមិនប្រក្រតីមិនសមស្រប បែបនេះ របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនោះដែរ គឺពួកយើងខ្ញុំដែលជាប្រពលរដ្ឋ សូមអំពាវនាវ អង្វរករ និងសូមគោរពជម្រាបជូន សម្ដេចអធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត មេត្តាជួយរកយុត្តិធម៌អោយពួកយើងខ្ញុំបាទដោយក្តីអនុគ្រោះផង។
អាស្រ័យដូចបានគោរពជម្រាបជូនតាមកម្មវត្ថុខាងលើ សូមសម្ដេចអធិបតីហ៊ុន ម៉ាណែត មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីពួកយើងខ្ញុំទាំងអស់គ្នា។ និងសូមគោរពជម្រាបជូន នូវឯកសារ ថតចម្លងស្នាមមេដៃប្រជាពលរដ្ឋ ទាំងអស់ចំនួន២២០គ្រួសារ និងសំលេង អភិបាលខេត្តបន្ទាយមានជ័យផងដែរ៕SRP