ខេត្តបន្ទាយមានជ័យ៖អ្នកភូមិជាច្រើនគ្រួសារ ( 220 គ្រួសារ) បានបញ្ចេញនូវការប្រតិកម្មយ៉ាងខ្លាំងដោយមិនពេញចិត្តទៅនឹងការសម្រេចចិត្តរបស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។
ការសម្តែងនូវការមិនពេញចិត្តបែបនេះដោយសារតែ លោកអ៊ុំ រាត្រី ចេញលិខិតឲ្យក្រុមមន្ត្រីចុះវាស់កំណត់ព្រំដីហាក់មានភាពមិនប្រក្រតី។
ប្រជាពលរដ្ឋ នៅថ្ងៃទី 2 និងទី3 ខែកញ្ញា ឆ្នាំ 2024 នេះ បាននាំគ្នាតវ៉ាទៅនឹងការសម្រេចរបស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដោយពួកគាត់ មិនឱ្យអាជ្ញាធរជំនាញពាក់ព័ន្ធ ក្នុងខេត្តបន្ទាយមានជ័យ ចុះធ្វើការវាស់វែងកំណត់ព្រំដី របស់គាត់ ស្ថិតស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
សូមជម្រាបថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២៤ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្ដីប្រកាស ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែល បានចាប់ឆ្នោតទទួលយកដី ដែលរាជរដ្ឋាភិបាលបានកាត់ឆ្កៀលចេញពីផ្ទៃដីតំបន់៣ នៃតំបន់ទន្លេសាប មានទីតាំងដី ស្ថិតនៅក្នុងភូមិសាស្ត្រឃុំប្រាសាទ និងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
រដ្ឋបាលខេត្តបន្ទាយមានជ័យបន្តថា ក្នុងការរៀបចំឱ្យបងប្អូន ដែលមានឈ្មោះត្រូវទទួលបានដី ធ្វើការចាប់ឆ្នោត ទទួលយកក្បាលដីស្រែសម្រាប់ ប្រើប្រាស់ និងអាស្រ័យផល រដ្ឋបាលខេត្តបានពិនិត្យឃើញថា បងប្អូនបានចូលរួមយ៉ាងច្រើនកុះករ មកចាប់ឆ្នោត ទទួលយកក្បាលដីស្រែ ទៅតាមទំហំ និងទីតាំងដីរួចរាល់ហើយ ប៉ុន្តែបងប្អូនមិនទាន់ស្គាល់ទីតាំងព្រំដីរបស់ខ្លួន ច្បាស់លាស់នៅឡើយទេ ដូច្នេះដើម្បីស្គាល់ទីតាំងដីរៀងៗខ្លួន ហើយងាយស្រួលក្នុងការប្រើប្រាស់ និងអាស្រ័យផល នៅលើទីតាំងដីជាក់ស្តែង រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងចាត់ក្រុមការងារចម្រុះថ្នាក់ខេត្ត រួមទាំងមន្ត្រីជំនាញ សុរិយោដី ចំនួន៦ក្រុម ចុះធ្វើការចង្អុលបង្ហាញព្រំដីជូនបងប្អូន ដើម្បីឱ្យបងប្អូនធ្វើការបោះបង្គោលតាមទីតាំង ដីរៀងៗខ្លួន ដែលនឹងដំណើរការចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយធ្វើការបែងចែកជា៦ក្រុម។
ទោះជាយ៉ាងណា នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២៤ ព្រឹកមិញនេះ អ្នកភូមិរាប់រយគ្រួសារ បានចុះតវ៉ាផ្ទាល់នៅចំណុចក្រុមមន្ត្រីចម្រុះដែលបានចុះ កំណត់ព្រំដីនៅចំណុចខាងលើ ប៉ុន្តែករណីនេះ ក្រុមមន្ត្រីចម្រុះមិនបានចុះកំណត់ព្រំដីបានជោគជ័យនោះទេ ខណៈអ្នកភូមិរដ្ឋរយនាក់តវ៉ាអោយផ្អាកវាស់កំណត់សិន។
ក្រុមមន្ត្រីជំនាញពាក់ព័ន្ធដែលបានចុះទៅវាស់កំណត់ព្រំដី ចំណុចខាងលើ មិនបានថ្លែងបំភ្លឺ ប្រាប់ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តី នោះទេ ដោយអះអាងថា បើចង់ដឹងព័ត៌មានឲ្យសួរទៅរដ្ឋបាលស្រុកនិងរដ្ឋបាលខេត្ត។
សូមបញ្ជាក់ថាប្រជាពលរដ្ឋ 220 គ្រួសារ បានផ្ដិតមេដៃ គោរពជូនសម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុនម៉ា ណែត ចុះថ្ងៃទី 30 ខែសីហាឆ្នាំ 2024។
យោងតាម៖ អនុក្រឹត្យលេខ ៥៧ អនក្រ.បកចុះថ្ងៃទី ៦ ខែមិនា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា និង ប្រកាសលេខ ០៧៧ ដនស ប្រ.កអសដភ ចុះថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០២៣។
កម្មវត្ថុ៖ យើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋ មានដីស្រែកាន់កាប់និងអាស្រ័យផល តាមចំណែករាងៗខ្លួនចាប់តាំងពីឆ្នាំ២០០៤ រហូតមក ដល់បច្ចុប្បន្នដែលមានទីតាំងនៅភូមិ បត់ត្រង់ ឃុំប្រាសាទ និងភូមិកាបៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងមានកិច្ចសន្យាផ្ទេរសិទ្ធិ ដីធ្លីស្របច្បាប់ ដែលមានអាជ្ញាធរួមមាន មេភូមិ មេឃុំ បានទទួលដឹងលឺ និងមានឯកសារបញ្ជាក់ច្បាស់ៗ ទាំងអស់ សរុបដីស្រែចំនួន ១៣០២ហិតតា។
នៅឆ្នាំ២០២១ អាជ្ញាធរភូមិ ឃុំ ស្រុក និងខេត្ត បន្ទាយមានជ័យ បានចុះ ពិនិត្យនិងកំណត់ចំណាត់ថ្នាក់ដីឡើងវិញ ឃើញថា ដីស្រែរបស់ពួកយើងខ្ញុំ មានទីតាំងស្ថិតនៅតំបន់៣។ ក្នុងឆ្នាំ២០២២ រាជរដ្ឋាភិបាល បានពិនិត្យកែសម្រួល និងធ្វើចំណាត់ថ្នាក់ឡើងវិញម្តងទៀតឃើញថា ដីស្រែរបស់ពួកយើងខ្ញុំ កំពុងស្ថិតនៅតំបន់២ មិនមែន តំបន់៣ នោះឡើយ។ ក៏ប៉ុន្តែ អាជ្ញាធរថ្នាក់ខេត្តបន្ទាយមានជ័យមិនបានប្រគល់ដីស្រែទាំងនោះ មកអោយពួកយើងខ្ញុំ ដែលជាប្រជាពលរដ្ឋ ធ្លាប់បានកាន់កាប់ដីស្រែនិងអាស្រ័យផលជាយូរមកហើយ និងបន្តអោយធ្វើស្រែចំការ នៅលើដីស្របតាម អនុក្រឹត្យលេខ ៥៧ អនក្រ.បកចុះថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២៣ របស់រាជរដ្ឋភិបាលកម្ពុជា និង ប្រកាសលេខ ០៧៧ ដនស/ប្រ.ក/អសដភ ចុះថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០២៣ នោះ វិញទេ។
បែរជាយកដី របស់ពួកយើងខ្ញុំទាំងអស់គ្នា សរុបផ្ទៃដីចំនួន ១៣០២ ហិតតា មកចាប់ឆ្នោត បែងចែកដីអោយទៅបុគ្គល មិនដែលបានមកអាស្រ័យផល លើដីស្រែទាំងនោះផង បែរជាមានមុខចាប់ឆ្នោត យកដីស្រែទាំងអស់នោះផងដែរ។ ពួកយើងខ្ញុំដែលជាប្រជាពលរដ្ឋ ស្លូតត្រង់កើតទុក្ខមិនសុខចិត្ត និងមានក្តី ឈឺចាប់យ៉ាងខ្លាំងចំនួន ២២០គ្រួសារ ដែលមានដីស្រែនៅភូមិបត់ត្រង់ ឃុំប្រាសាទ និងភូមិកាបៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាអ្នកបានកាន់កាប់លើដីស្រែពិតប្រាកដ សូមមិនយល់ស្របតាម សម្រេចរបស់អាជ្ញាធរខេត្ត បានប្រមូលហៅពួកយើងខ្ញុំ មកសម្របសម្រួលចំនួន២ លើកមកហើយ នៅសាលា ខេត្តបន្ទាយមានជ័យ តែពួកយើងខ្ញុំទាំងអស់គ្នា មិនព្រមតាមការសម្រេចចាប់ឆ្នោតដែលមិនប្រក្រតីមិនសមស្រប បែបនេះ របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនោះដែរ គឺពួកយើងខ្ញុំដែលជាប្រពលរដ្ឋ សូមអំពាវនាវ អង្វរករ និងសូមគោរពជម្រាបជូន សម្ដេចអធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត មេត្តាជួយរកយុត្តិធម៌អោយពួកយើងខ្ញុំបាទដោយក្តីអនុគ្រោះផង។
អាស្រ័យដូចបានគោរពជម្រាបជូនតាមកម្មវត្ថុខាងលើ សូមសម្ដេចអធិបតីហ៊ុន ម៉ាណែត មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីពួកយើងខ្ញុំទាំងអស់គ្នា។ និងសូមគោរពជម្រាបជូន នូវឯកសារ ថតចម្លងស្នាមមេដៃប្រជាពលរដ្ឋ ទាំងអស់ចំនួន២២០គ្រួសារ និងសំលេង អភិបាលខេត្តបន្ទាយមានជ័យផងដែរ៕SRP