ខេត្តសៀមរាប៖ប្រសិនបើគិតត្រឹមថ្ងៃទី 5 ខែកញ្ញា ឆ្នាំ 2024 ម្សិលមិញនេះ គឺមានរយៈពេលមួយឆ្នាំគត់នៃការចូលកាន់តំណែងជាអភិបាលខេត្តសៀមរាប របស់លោកប្រាក់ សោភ័ណ។
លោកប្រាក់ សោភ័ណ បានសរសេរថា៖ ជេរមិនពិរោះស្តាប់ទេ តែយើងមានតួនាទីត្រូវស្តាប់ ទំនេរសរសើរខ្លះផង ព្រោះមន្ត្រីទាំងអស់ខំណាស់ ជេរត្រឹមខ្ញុំម្នាក់បានហើយ យើងទាំងអស់គ្នាមិនដែលគេចវេសបញ្ហាណាមួយទេ។ មួយឆ្នាំមហាសែនលឿន ដូចចាប់ផ្តើមម្សិលមិញ មួយឆ្នាំដែលសប្បាយរីករាយបានបម្រើអ្នកសៀមរាប មួយឆ្នាំដែលសិទ្ធិនិងសេរីភាព ផ្ទាល់ខ្លួនបានចាកចេញឆ្ងាយមួយឆ្នាំដែលបានបំពេញក្តីស្រមៃអោយមន្ត្រីមួយចំនួនធំ មួយឆ្នាំដែលជាក្តីស្រមៃ ចង់ឃើញពុកម៉ែបងប្អូន មានប្លង់រឹងច្បាស់លាស់គ្រប់គ្នា ពេលនេះក្រុមការងារបានចុះវាស់វែងធ្វើប្លង់ជូនអ្នកទាំងអស់គ្នា យ៉ាងយូរពាក់កណ្តាលឆ្នាំ២០២៥គ្រប់គ្នាមានប្លង់រឹង។
អភិបាលខេត្តសៀមរាបរូបនេះបានសរសេរបន្តថា៖
មួយឆ្នាំដែលគេងតិចតែក្រោកដោយកំលាំងចិត្ត
មួយឆ្នាំដែលដឹងថាពិបាកតែធ្វើបាន ក៏ជាពេលវេលាដែលខ្ញុំចេះបត់បែន ឱនលំទោនដើម្បីតែខេត្តមួយនេះ។ មួយឆ្នាំជាមួយក្តីស្រលាញ់សម្រាប់ខេត្តសៀមរាប។ ស្រលាញ់អ្នកសៀមរាប រហូតដល់គេជេរក៏មិនដែលគេចដែរ អានផងស្តាប់ផងរហូតដល់ចប់ តែចង់ដឹងពីសុខទុក្ខរបស់ពួកគាត់។
សូមជម្រាបរំលឹកថា លោកប្រាក់ សោភ័ណ អភិបាលរងខេត្តសៀមរាប ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលខេត្តសៀមរាប នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ 2023 ជំនួសលោកទៀ សីហា ដែលត្រូវទៅកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ៕SRP