ខេត្តកំពង់ធំ៖នៅទីបំផុតសមត្ថកិច្ចឃាត់ខ្លួនអ្នករស៊ីទិញកៅស៊ូចំនួនពីរនាក់ដែលបន្លំភ្នែកជញ្ជីង ដោយយកកៅស៊ូស្បែកជើង មកកល់នៅម៉ាស័រនៅក្នុងជញ្ជីង បញ្ជូនទៅតុលាការនៅថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២០នេះបន្ទាប់ពីបានឃាត់ខ្លួន៤៨ម៉ោង។ជនសង្ស័យឈ្មោះយន បុប្ឋា ភេទស្រីនិងឈ្មោះឡុង ចន្ថា ភេទស្រី ដែលជាអ្នកទិញកៅស៊ូ ស្ថិតនៅតំបន់អូស្រែស្តៅ ភូមិលែង ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថាដើមបណ្ដឹងឈ្មោះស្រួយម៉េងគង់និងចុងបណ្ដឹងឈ្មោះយនបុប្ឋា។ករណីនេះសមត្ថកិច្ចស្រុកសណ្ដាន់បានធ្វើកំណត់ហេតុ ពិនិត្យជញ្ជីងឃើញថាជញ្ជីងខ្នាត១២០គីឡូក្រាម ឃើញមានកៅស៊ូស្បែកជើង កាល់ម៉ាស័រ ឲ្យថ្លឹងនៅត្រឹម៨០គីឡូក្រាមទោះដាក់ប៉ុន្មាន ក៏នៅត្រឹម៨០គីឡូក្រាមពិតប្រាកដមែន។
ដើមបណ្ដឹងបានប្រាប់អ្នកសារព័ត៌មានថាគាត់បានទុកចិត្តអ្នកទិញដោយមិនដែលខ្វល់និងការថ្លឹងកៅស៊ូនោះទេ។នេះដោយសារតែការទុកចិត្ត រកស៊ីជាមួយគ្នាជាងមួយឆ្នាំមកហើយ។ តែក្រោយមកដោយមានការសង្ស័យថា ដោយសារបាត់កៅស៊ូម្តង៧០០គីឡូក្រាមក្នុងមួយរថយន្ត។ ក្នុងថ្ងៃកើតហេតុ លោកបានសូមពិនិត្យជញ្ជីង ដោយដោះមើលផ្នែកខាងក្នុង ទើបបានឃើញកៅស៊ូស្បែកជើងផ្ទាត់កល់ម៉ាស័រនៅខាងក្នុងដោយកំណត់ត្រឹមតែ៨០គីឡូក្រាម ទើបលោកប្តឹងទៅអធិការនគបាលស្រុកសណ្តាន់ដើម្បីឃាត់ខ្លួនសាកសួរតែម្ដង។
បើតាមដើមបណ្ដឹងបន្ថែមថាបើទោះជាមានករណីបែបនេះក្ដីលោកមិនប្រកាន់ទោសនោះទេប្រសិនបើអ្នកប្រព្រឹត្តសុំទោសនិងទទួលស្គាស់ការពិត។តែនេះមិនទទួលស្គាល់ហើយ ជេរនិងរកប្តឹងរូបលោក ថែមទាំងរករឿងវាយតបទៀតផង ទើបលោកសម្រេចប្តឹងហើយឲ្យសងសំណង ២០លានរៀល ដែលបានកេងចំណេញជាងមួយឆ្នាំមកនេះ៕SRP



