ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញចុះពិនិត្យការរដ្ឋានសាងសង់ច្រាំងទន្លេ នៅក្រោយសាលាសង្កាត់កំពង់ចាម និងនៅច្រាំងទន្លេ ក្នុងភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន។
គួរបញ្ជាក់ផងដែរថា ការសាងសង់ខឿនច្រាំងទន្លេនៅជាប់ខាងក្រោយសាលាសង្កាត់កំពង់ចាម ប្រវែង១៨៥ម៉ែត្រ ស្ថិតនៅក្នុងក្រុងកំពង់ចាម ដោយចំណាយកញ្ចប់ថវិការបស់រដ្ឋបាលខេត្តកំពង់ចាម ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ។
ដោយឡែកច្រាំងទន្លេ នៅក្នុងភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន បានរងការបាក់ស្រុតកាលពីពេលថ្មីៗនេះ បណ្តាលឲ្យប៉ះពាល់ហេដ្ឋរចនាសម័្ពន្ធផ្លូវកៅស៊ូនៅចំណុចនោះផងដែរ។ ដោយមើលឃើញពីផលប៉ះពាល់ និងការគំរាមកំហែងនៅតំបន់នោះ លោក អ៊ុន ចាន់ដា បានឲ្យក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយម ចុះសិក្សាលក្ខណៈបច្ចេកទេសយ៉ាងម៉ត់ចត់។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត បានអនុញ្ញាតិឲ្យ វិស័យឯកជនដែលមានបទពិសោធន៍លើការងារសាងសង់ច្រាំង ធ្វើការសាងសង់ខឿនការពារច្រាំងទន្លេនៅទីតាំងខាងលើនេះ ដោយប្រើប្រាស់កញ្ចប់ថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត។
បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តំបន់នោះ ពិសេសអ្នកដែលរស់នៅជុំវិញតំបន់រងគ្រោះដោយការបាក់ស្រុតច្រាំងទន្លេនេះ បានថ្លែងអំណរគុណចំពោះលោកអភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ គិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយបានសាងសង់ខឿនការពារច្រាំងទន្លេនេះឡើង ដើម្បីបញ្ចៀសនូវផលវិបាកនាពេលខាងមុខផងដែរ៕SRP










