ខេត្តសៀមរាប៖លោកអ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទនៅថ្ងៃទី២៣ ខែមិថុនានេះ រួមដំណើរជាមួយ លោក Liu Zhijie អគ្គកុងស៊ុលរបស់ស្ថានទូតចិន ប្រចាំនៅខេត្តសៀមរាប អញ្ជើញចុះពិនិត្យ អណ្តូងទឹកស្អាត និងសកម្មភាពខួងអណ្តូងទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់នៅភូមិក្អែកទុំ ឃុំរើល ស្រុកពួក និងនៅភូមិស្នាតេជោ ៣១៧ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប របស់គម្រោងផ្គត់ផ្គង់ទឹកជនបទ ជំហានទី២ ក្រោមហិរញ្ញប្បទានឥតសំណងរបស់សាធារ ណរដ្ឋប្រជាមានិតចិន។
សូមបញ្ជាក់ថាគម្រោងផ្គត់ផ្គង់ទឹកជនបទ ជំហានទី២ របស់ក្រសួងអភិវឌ្ឍន៍ជនបទនេះ នឹងត្រូវធ្វើការខួងអណ្តូងស្នប់ចំនួន ៩៦៤អណ្តូង ជីកស្រះទឹកសហគមន៍ចំនួន ១២ស្រះ និងជីកស្រះទឹកសហគមន៍ដែលមានរៀបថ្មចំនួន ៤២ស្រះ នៅក្នុងខេត្តគោលដៅចំនួន១០ រួមមាន ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តកំពង់ចាម។
ដោយឡែក នៅក្នុងខេត្តសៀមរាប មានអណ្តូងសរុបទាំងអស់ចំនួន ១០០អណ្តូង និងស្រះសរុបចំនួន០៧ស្រះ ក្នុងនោះ ស្រះសហគមន៍មានរៀបថ្មចំនួន០៤ស្រះ និងស្រះសហគមន៍ធម្មតាចំនួន០៣ស្រះ។ជាលទ្ធផល ចំពោះការជីកអណ្តូងបានចំនួន៦៧អណ្តូង និងការជីកស្រះសហគមន៍ទាំង អស់សម្រេចបានលទ្ធផលប្រមាណ ៩៥% ហើយ៕SRP






















