ម៉ែរ៉ួយ អគ្គនាយកក្រុមហ៊ុន រួយ អ៊ីនហ្វីនីធី បានរៀបចំកម្មវិធីរៃអង្គាសដោយសហការជាមួយមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។ កិច្ចសហការណ៍រៀបចំកម្មវិធីរៃអង្គាសថវិកានេះ បានចាត់ចែងឡើងដោយមានការស្នើសុំពីមន្ទីរពេទ្យកុមារអង្គរ ដោយហេតុថាមន្ទីរពេទ្យកុមារអង្គរកំពុងតែមានការប្រឈមមុខខ្វះខាតថវិកាដើម្បីដំណើរការ ពិនិត្យព្យាបាលកុមារ ប្រកបដោយគុណភាព ក្តីមេត្តាករុណា និងឥតគិតថ្លៃ ក្នុងឆ្នាំ២០២០ ដោយសារតែវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩។ ជាមួយនឹងទឹកចិត្តដ៏សប្បុរស និងចំណូលចិត្តកិច្ចការមនុស្សធម៌ពីសំណាក់ម៉ែរួយ កម្មវិធីរៃអង្គាសក៏បានចាប់ផ្តើម ដោយការបរិច្ចាគធ្វើឡើងដំបូងតាមរយៈ ការឡាយផ្ទាល់អំពាវនាវនៅលើគេហទំព័រហ្វេសប៊ុក MaeRouy Queen of Univers ដែលបានធ្វើឡើងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ។
តាមរយៈទេព្យកោសល្យដ៏ប៉ិនប្រសប់របស់ ម៉ែរួយ ធ្វើឲ្យសន្ទុះនៃការការបរិច្ចាគរបស់សប្បុរសជនដែលជាតំណាងចែកចាយរបស់ ក្រុមហ៊ុន រួយ អ៊ីនហ្វីនីធី និង អ្នកគាំទ្ររបស់គាត់មកពីគ្រប់ខេត្តក្រុង កើនឡើងលើសពីការរំពឹងទុក ដោយទទួលបានថវិកាបរិច្ចាគតាមរយៈកម្មវិធីរៃអង្គាសផ្ទាល់មានចំនួន ៣០,០០០ដុល្លារ ថវិកាផ្ទាល់ខ្លួនរបស់ម៉ែរួយ ចំនួន១២,០០០ដុល្លារ ដែលថវិកាសរុបចំនួន ៤២ ០០០ ដុល្លារ ត្រូវបានប្រគល់ជូនដល់មន្ទីរពេទ្យកុមារអង្គរ នៅច័ន្ទថ្ងៃទី២៩ មិថុនា ២០២០ព្រឹកមិញនេះ ក្រោមការដឹកនាំរបស់ម៉ែរួយផ្ទាល់ និងសហការី ព្រមទាំងតំណាងចែកចាយក្រុមហ៊ុនរួយអ៊ីនហ្វីនីធីជាច្រើនរូបផងដែរ។
នៅក្នុងពិធីប្រគល់-ទទួលថវិកានាព្រឹកមិញដែរក៏មានការចួលរួមស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់ថ្នាក់ដឹកនាំរបស់មន្ទីរពេទ្យកុមារអង្គរ ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា នាយកមន្ទីរពេទ្យ និង នាយករង និងបុគ្គលិកមន្ទីរពេទ្យធ្វើឲ្យពិធីកើតឡើងយ៉ាងអធិកអធម។ នាក្នុងឱកាសនោះដែរ ម៉ែរួយ ក៏បានសន្យាថានឹងបន្តជួយគាំទ្រដល់ការងារមនុស្សធម៌ជាមួយនឹងមន្ទីរពេទ្យកុមារអង្គរទៅឆ្នាំក្រោយៗទៀត និងអំពាវនាវឲ្យតំណាងចែកចាយ ព្រមទាំងសាធារណៈជនទូទាំងប្រទេសកម្ពុជាចូលរួមជ្រោមជ្រែងជួយដល់មន្ទីរពេទ្យកុមារអង្គរឲ្យបានច្រើនថែមទៀត។ ការប្តេជ្ញាចិត្តរបស់ ម៉ែរួយ សបញ្ជាក់ឲ្យឃើញពីទឹកចិត្ត និងវប្បធម៌ចែករំលែកខ្មែរជួយខ្មែរ ក្នុងគ្រាលំបាកពិតៗ ព្រមទាំងជាការចូលរួមចំណែកក្នុងការលើកស្ទួយវិស័យសុខាភិបាលកម្ពុជាជាពិសេស ការថែទាំសុខភាពកុមារកម្ពុជាប្រកបដោយគុណភាពខ្ពស់ និងក្តីមេត្តាករុណា។
អំពីមន្ទីរពេទ្យកុមារអង្គរ
មន្ទីរពេទ្យកុមារអង្គរគឺជាអង្គភាពមិនស្វែងរកប្រាក់ចំណេញ ដែលមានបេសកកម្មលើកកម្ពស់សុខុមាលភាពកុមារកម្ពុជាគ្រប់រូប។ មន្ទីរពេទ្យកុមារអង្គរបានផ្តល់នូវការយកចិត្តទុកដាក់ក្នុងការពិនិត្យព្យាបាល និងថែទាំសុខភាពដល់កុមារកម្ពុជា ប្រកបដោយក្តីមេត្តាករុណា អស់រយៈពេលជាង២០ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៩៩។ បច្ចុប្បន្ន នេះ មន្ទីរពេទ្យកុមារអង្គរបានក្លាយខ្លួនទៅជាមជ្ឈមណ្ឌលមួយ ផ្តល់ជូននូវសេវាកម្មផ្នែកសុខភាពប្រកបដោយគុណភាពខ្ពស់ និងជំនាញឯកទេសវិជ្ជាជីវៈដល់កុមារនៅក្នុងប្រទេសកម្ពុជា អមដោយការប្តេជ្ញាចិត្តក្នុងការបណ្តុះបណ្តាលវេជ្ជសាស្ត្របន្តពង្រីកការអភិវឌ្ឍសមត្ថភាពចំណេះដឹងទៅខាងក្រៅមន្ទីរពេទ្យ ព្រមទាំងដើរតួនាទីជាអង្គភាពគំរូដែលមានភិបាលកិច្ចគណនេយ្យភាពល្អប្រសើរ។ តាមរយៈទិន្នន័យនៃការស្រាវជ្រាវ និងគោលនយោបាយបានបង្ហាញឲ្យឃើញថា មន្ទីរពេទ្យកុមារអង្គរកំពុងតែជួយសង្គ្រោះជីវិតកុមារកាន់តែទូលំទូលាយ តាមរយៈការពង្រឹងប្រព័ន្ធថែទាំសុខភាព និងធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពកុមារក្នុងតំបន់ និងអន្តរជាតិ៕SRP























