ខេត្តកំពង់ចាម៖មន្ត្រីនគរបាលជាតិ ជាង៤០០នាក់ ត្រូវបានប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូននៅសាលសន្និសីទសាលាខេត្តកំពង់ចាម នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ។
ពិធីនេះក្រោមវត្តមាននាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាង នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម។
បេីតាមរបាយការណ៍ស្វាគមន៍របស់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកកំពង់ចាម បានឲ្យដឹងថា មន្ត្រីជ័យលាភី ដែលត្រូវបានផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្កិនៅថ្ងៃនេះរួមមាន៖
ថ្នាក់ឧត្តមសេនីយ៍ត្រី០៥រូប ក្នុងនោះមានខេត្តកំពង់ចាម០៣រូប ,ខេត្តប៉ៃលិន០២រូប , ថ្នាក់វសេនីយ៍ឯក០៩រូប ក្នុងនោះខេត្តកំពង់ចាម០៧រូប ,ខេត្តប៉ៃលិន០២រូប ,
ថ្នាក់វរសេនីយ៍ទោ៩៦រូប ស្រី០៤រូប ,និងថ្នាក់វរសេនីយ៍ត្រី២៣៤
រូប ស្រី១២រូប ព្រមទាំងថ្នាក់ស្នងការរង០៥រូប ,នាយការិយាល័យ០៤រូប ,នាយររងការិយាល័យ៣១រូប ,និងអធិការរង១៧រូបផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកអ៊ុន ចាន់ដា បានធ្វើការផ្តាំផ្ញេីដល់មន្ត្រីនគរបាលដែលទេីបទទួលបានការតែងតាំងមុខតំណែង និងឋាន្តរស័ក្ក ត្រូវខិតខំប្រឹងប្រែង បំពេញតួនាទីភារកិច្ចរបស់ខ្លួន ដែលថ្នាក់ដឹកនាំបានប្រគល់ជូននាឱកាសនេះ ឲ្យបានស័ក្ដិសមជាមន្ត្រីនគរបាលមានស្នាដៃក្នុងការបម្រើជាតិយ៉ាងពិតប្រាកដ។
អភិបាលខេត្ត ក៏បានស្នេីដល់កងកម្លាំងនគរបាលទាំងអស់ ឲ្យបន្តការចូលរួមក្នុងការផ្សព្វផ្សាយអំពីវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានជាប់ជាប្រចាំ ព្រោះពិភពលោកនៅមិនទាន់រកឃើញថ្នាំការពារមេរោគដ៏កាចសាហាវនេះនៅឡើយទេ។
ថ្លែងក្នុងពិធីនាយឧត្តមសេនីយ៍ ប៉ែន វិបុល បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ដល់ កងកម្លាំងនគរបាលទាំងអស់ត្រូវខិតខំបំពេញការងារ ភារកិច្ចតាមជំនាញរៀងៗខ្លួន ពិសេសត្រូវខិតខំបម្រើបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានល្អប្រសើរផងដែរ៕SR











