ខេត្តសៀមរាប៖លោកនួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាបនៅរសៀលថ្ងៃទី៣០ខែមិថុនានេះបានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះរកដំណោះស្រាយ ករណីវិវាទបើកផ្លូវ ស្ថិតនៅភូមិបន្ទាយចាស់សង្កាត់ស្លក្រាមក្រុងសៀមរាបដើម្បីជូនប្រជាពលរដ្ឋ។ ជាមួយគ្នាដែរលោកនួន ពុទ្ធារ៉ា ក៏បានបន្តពិនិត្យស្ថានភាពផ្លូវតំបន់ខាងលើដើម្បី ធ្វើការសាងសង់នាពេលខាងមុខផងដែរ។ ទោះយ៉ាងណាអភិបាលក្រុងបញ្ជាក់ថាជុំវិញករណីនេះលោកនឹងធ្វើការពិភាក្សាជាមួយថ្នាក់ដឹកនាំដើម្បីសម្រេចនិងអនុវត្ត។
សូមបញ្ជាក់ថាកាលពីថ្ងៃទី២៦ខែឧសភាឆ្នាំ២០២០ប្រជាពលរដ្ឋចំនួន០៣គ្រួសារបាន ស្នើដល់អាជ្ញាធរជំនាញពាក់ព័ន្ធ ជួយអន្តរាគមន៍ដល់ពួកគាត់ ខណ:ផ្ទះពួកគាត់ ត្រូវបានឲ្យមានការរុះរើផ្នែកខ្លះ ដើម្បីបើកផ្លូវ។ ពលរដ្ឋថាពួកគាត់ថាមិនជំទាស់ទៅនឹងការរុះរើរបស់អាជ្ញាធរនោះទេ ប៉ុន្តែ សូមឲ្យមានតម្លាភាព ទាំងសងខាង។ ដោយហេតុថាឲ្យរើតែខាងផ្ទះពួកគាត់៦ម៉ែត្រ។ បើរើ៣ម៉ែត្រ ពួកគាត់មិនជំទាស់នោះឡើយ។
ពាក់ព័ន្ធករណីនេះនៅថ្ងៃទី៣០ខែមិថុនាម្សិលមិញប្រជាពលរដ្ឋ ដែលមានវិវាទខាងលើហាក់មានការសប្បាយចិត្តរីករាយបន្ទាប់ពីលោកអភិបាលក្រុងសៀមរាបបានធ្វើការពន្យល់ណែនាំចំពោះបញ្ហាមួយចំនួនប្រាប់ដល់ពួកគាត់៕SRP

























