ខេត្តសៀមរាប៖ក្នុងនាមអាជ្ញាធរលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងលោក ទៀ សីហា អភិបាលខេត្តសៀមរាប បានណែនាំដល់មន្ទីរ-អង្គភាព ពិសេសរដ្ឋបាលក្រុង ស្រុក និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការពិនិត្យ និងរៀបចំបញ្ចូលនូវគម្រោងសកម្មភាពផ្សេងៗរបស់ខ្លួន សម្រាប់អនុវត្តនៅក្នុងឆ្នាំ២០២១នាពេលខាងមុខ ឲ្យស្របទៅនឹងគោលការណ៍ណែនាំគោលនយោបាយជាតិក៏ដូចជាតម្រូវការជាក់ស្តែងដែលបានកើតឡើងពិតប្រាកដនៅថ្នាក់មូលដ្ឋានផងដែរ។ ការណែនាំនេះនៅរដ្ឋបាលខេត្តសៀមរាបក្នុងកិច្ចប្រជុំណែនាំ ស្តីពីការប្រមូលតម្រូវការអាទិភាព សម្រាប់ការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) របស់រដ្ឋបាលខេត្តសៀមរាបនាថ្ងៃអង្គារទី១៤ខែកក្តដាព្រឹកមិញ ដោយមានការចូលរួមពី លោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីពាក់ព័ន្ទជាច្រើនរូបទៀត។
សូមជម្រាបថាកិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយដល់សមាជិក សមាជិកា និងអ្នកពាក់ព័ន្ធទាំងអស់បានយល់ដឹងអំពីទិដ្ឋភាពទូទៅ នៃដំណើរការរៀបចំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ដែលសេចក្តីណែនាំនេះចែកចេញជា០៤ផ្នែក រួមមាន៖
–ផ្នែកទី០១៖ ទិដ្ឋភាពទូទៅនៃការរៀបចំ និងកសាងកម្មវិធីវិនិយោគខេត្ត
–ផ្នែកទី០២៖ ទម្រង់សៀវភៅកម្មវិធីវិនិយោគខេត្ត
–ផ្នែកទី០៣៖ វីធីសាស្រ្តរៀបចំ និងកសាងកម្មវិធីវិនិយោគខេត្ត
–ផ្នែកទី០៤៖ ឧបសម្ព័ន្ធជាជំនួយស្មារតីនៅពេលរៀបចំកសាងកម្មវិធី វិនិយោគខេត្ត៕SRP



