ខេត្តព្រះវិហារ៖ប្រជាកសិករខេត្តព្រះវិហារ កំពុងមមាញឹកបង្កបង្កើនផលស្រូវរដូវវស្សា ដំណាំរួមផ្សំ និងដំណាំកសិឧស្សាហកម្ម ចាប់តាំងពីដើមរដូវវស្សាឆ្នាំ២០២០ នៅទូទាំងខេត្តព្រះវិហារ បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលបានធ្វើឱ្យប្រជាកសិករទូទាំងខេត្តចាប់ ផ្តើមរៀបចំ ការងារធ្វើស្រែ ចំការនៅដើមរដូវវស្សានេះ។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ បានឱ្យដឹថា ប្រជាកសិករខេត្តព្រះវិហារ កំពុងសម្រុកការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២០ គិតមកត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងខេត្តព្រះវិហារ បានអនុវត្តន៍ផ្ទៃដីភ្ជួររាស់បានចំនួន៦៥.៧២៩ហិកតា ការងារដកស្ទួង ព្រោះ និងបុកដាំ លើផ្ទៃដីបានចំនួន៦២.៨១៧ហិកតា លើផែនការចំនួន៩១.២០០ហិកតា ស្មើនឹង ចំនួន៦៨,៨៨ភាគរយ ។
លោកប្រធានបន្តថា ការងារបង្កបង្កើនផលដាំដុះ ដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ គិតត្រឹម ថ្ងៃទី១៥ ខែកក្កដា ឆ្នំា២០២០ អនុវត្តន៍បានសរុបបាន ចំនួន៥១.៦៤១ហិកតា ស្មើនឹងចំនួន៦៩,៥៤ភាគរយ នៃផែនការចំនួន៧៤.២៥៩ហិកតា ក្នុងនោះមាន ដំណាំរួមផ្សំ និងសាកវប្បកម្ម អនុវត្តន៍បានចំនួន៩៤២ហិកតា ស្មើនឹងចំនួន៤៥,០៥ភាគរយ។ ដំណំារួមផ្សំ និងសាកវប្បកម្មអចិន្ត្រៃ អនុវត្តបានចំនួន១.៦១៨ហិកតា ស្មើនឹងចំនួន៩៣,៥០ភាគរយ។ ដំណាំឧស្សាហកម្មរដូវ អនុវត្តន៍បានចំនួន៣២.៦១៨ហិកតា ស្មើនឹងចំនួន៧១,៧៩ភាគរយ។ ដំណាំឧស្សាហកម្ម អចិន្រ្តៃអនុវត្តន៍បានចំនួន១៦.៤៦៤ហិកតា ស្មើនឹងចំនួន៦៥,៨៥ភាគរយ។
លោកបានបន្ថែមថា ចំពោះកម្រិតទឹកភ្លៀង ដោយបូកយោងចាប់ពីដើមរដូវរហូតមក ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នំា២០២០ នៅទូទាំងខេត្តព្រះវិហារ គិតជាមធ្យមទទួលបានទឹកភ្លៀង កម្រិតចំនួន៤៤០,៣៤មីលីម៉ែត្រ៕SRP


