ខេត្តកំពង់ចាម៖លោក ហាន កុសល អភិបាលរងខេត្ត បានធ្វេីការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរបរិស្ថាន ដែលកន្លងមកបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការដាំឈេី និងការងារគ្រប់គ្រងសំរាម ទាំងការដោះស្រាយនូវបញ្ហាផ្សេងៗ បានយ៉ាងល្អប្រសើរ ។
លោកបានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំដែលល្អ គឺត្រូវអោបក្រសោបអ្នកដែលមានចំណេះដឹង ហើយសូមកុំធ្វើនូវទង្វើណាដែលជាការចាប់កំហុសគ្នាទៅវិញទៅមក គឺត្រូវធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងពីគ្នាទៅវិញទៅមក ដេីម្បីធ្វើការកែលម្អគ្នាទៅវិញទៅមក ដែលជាការរួមគ្នាបង្កើតនូវគំនិតច្នៃប្រឌិតថ្មី ដេីម្បីនាំឲ្យមានភាពជោគជ័យប្រកបដោយនិរន្តរភាព។
លោកថ្លែងយ៉ាងដូច្នោះនៅថ្ងៃ២២ ខែកក្កដា ឆ្នាំ២០២០ព្រឹកមិញក្នុងពិធីប្រកាសទទួលស្គាល់ប្រធាន អនុប្រធានការិយាល័យ និងអនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាម។
បើតាម លោក ហាន កុសល ថា កន្លែងធ្វើការជាកន្លែងធ្វើបទពិសោធន៍ មិនមែនជាសមរភូមិសម្រាប់ធ្វើការប្រកួតប្រជែងយកឈ្នះយកចាញ់ ដេីម្បីប្រយោជន៍ផ្ទាល់ខ្លួន ក្នុងការដណ្តើមយកតួនាទីមុខតំណែង និងលាភសក្ការៈនោះទេ តែជាកន្លែងសម្រាប់សហការីទាំងអស់រួមគ្នា ធ្វើការរិះគិតពិចារណា និងបញ្ចេញនូវគំនិតច្នៃប្រឌិត ដេីម្បីបង្កេីតសមិទ្ធផលថ្មីៗ នាំភាពរីកចម្រេីនមកឲ្យរដ្ឋបាលខេត្ត ផងដែរ។
លោក នួន គង់សល្យ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាម ក៏បានធ្វើការសំណូមពរ សូមឲ្យរដ្ឋបាលថ្នាក់ខេត្ត មានការលេីកទឹកចិត្ត ដល់ក្រុមហ៊ុនច្រើនសម្រាប់វិនិយោគ ការប្រមូលដឹកជញ្ជូន និងកែច្នៃសំណល់សំរាម ដើម្បីផ្តល់ឱកាសឲ្យក្រុមហ៊ុនច្រើន ចូលមក ប្រកួតនិងសូមឲ្យជួយជម្រុញបន្ថែមដល់រដ្ឋបាល ក្រុង ស្រុកឲ្យមានការទុកដាក់ សំណល់រឹង រាវ ជាពិសេស
សំរាមនៅតាមភូមិ ឃុំ ដោយឲ្យមានសោភ័ណភាពល្អប្រសើរ។ លោកក៏បានស្នើដល់រដ្ឋបាលថ្នាក់ខេត្ត ជួយសម្របសម្រួល ដល់ថ្នាក់មូលដ្ឋានក្រោមឱវាទ និងមន្ទីរអង្គភាពតាមវិស័យផ្សេងៗនៅពេលមន្ត្រី មន្ទីរចុះបំពេញបេសកកម្មក្នុងមូលដ្ឋាន ផងដែរ ។ គួរបញ្ជាក់ផងដែរថា ក្នុងពិធីនេះ គឺបានប្រកាសទទួលស្គាល់ថ្នាក់ដឹកនាំមន្ទីរបរិស្ថានចំនួន៨រូប ក្នុងនោះមាន អនុប្រធាន២រូប ប្រធានការិយាល័យ២រូប និងអនុប្រធានការិយាល័យ៤រូបផងដែរ៕SRP






