ខេត្តសៀមរាប៖លោកឃឹម ហ្វីណង់
អភិបាលស្រុកបន្ទាយស្រីបានអះអាងថា សំណង់គ្មានច្បាប់ដែលបានសង់នៅអមសងខាងផ្លូវឡើងលើភ្នំគូលែន ត្រូវតែបន្តរុះរើរហូតអស់ទាំងស្រុង ព្រោះជាតំបន់ឧទ្យានជាតិ។
លោកអះអាងនេះគឺ ក្រោយរដ្ឋបាលស្រុកបានប្រជុំត្រៀមលក្ខណៈដោះស្រាយបញ្ហាវិវាទដីធ្លីដែលនៅសេសសល់ទ្រង់ទ្រាយធំ ក្នុងស្រុកបន្ទាយស្រី ដើម្បីជាមូលដ្ឋានឈានទៅដល់ការបញ្ចប់វិវាទរ៊ាំរ៉ៃជាច្រើន ដែលបានអូសបន្លាយអស់ជាយូរឆ្នាំមកហើយ។
លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី នៅព្រឹកថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២០នេះ បានថ្លែងតាមទូរស័ព្ទថា រដ្ឋាភិបាលកំពុងធ្វើសិក្សាកាត់ឆ្វៀលនិងផ្តល់កម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋ ដែលបានកាន់កាប់និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំនៅលើដីសាធារណៈរបស់រដ្ឋ។ រដ្ឋបាលស្រុកបន្ទាយស្រីចាំបាច់ត្រូវប្រុងប្រៀបប្រមូលនិងគ្រប់គ្រងរាល់ទិន្នន័យពាក់ព័ន្ធនឹងបញ្ហាដីធ្លីនេះពីថ្នាក់មូលដ្ឋានផ្ទាល់អោយបានគ្រប់ជ្រុងជ្រោយជាមុនសិន ដើម្បីចៀសវាងការឆ្លៀតឱកាសពីសំណាក់ជនខិលខូចនិងសកម្មជនដីធ្លីមួយចំនួន យកលេសនេះមកទាមទារចំណែកអោយអាជ្ញាធរដោះស្រាយជូនដែរ។
លោកហ្វីណង់បន្តថា បញ្ហាដែលរដ្ឋបាលស្រុកត្រូវតែគ្រប់គ្រងអោយបានក្នុងពេលនេះគឺ កំណត់មុខសញ្ញាជនឱកាសនិយម និងសកម្មជនដីធ្លី ដែលក្លែងបន្លំជាជនក្រីក្រ ឬគ្រាន់តែសំអាងមូលហេតុផ្សេងៗ ហើយបានកាប់រានទន្ទ្រានវាទទីដីរដ្ឋ រួចទាមទារអោយអាជ្ញាធរទទួលស្គាល់។ ទប់ស្កាត់ការរុករានទន្ទ្រានយកដីរដ្ឋថ្មីៗបន្ថែម ការដាំដំណាំ ឬសាងសង់សំណង់ថ្មីៗ ដើម្បីបំភ័ន្តភ្នែកជាការកាន់កាប់អាស្រ័យផលយូរមកហើយ។សកម្មភាពទាំងនេះ ទាំងចាស់ថ្មី នឹងត្រូវបានចាត់ទុកជាការទង្វើអនាធិបតេយ្យរំលោភច្បាប់។ ដើម្បីត្រៀមលក្ខណៈទុកជាមុនរដ្ឋបាល ស្រុកបានតម្រូវអោយមេភូមិ មេឃុំ សហការជាមួយតំណាងរដ្ឋបាលព្រៃឈើ និងតំណាងក្រសួងបរិស្ថានចុះស្រង់ទិន្នន័យ។ ពលរដ្ឋដែលអាចនឹងត្រូវបានកាត់ឆ្វៀលនិងផ្តល់កម្មសិទ្ធិជូនបានពីសំណាក់រាជរដ្ឋាភិបាល ដោយផ្តល់អាទិភាពចម្បងទៅលើលក្ខណៈវិនិច្ឆ័យចំនួន០៤ .ការកាន់កាប់អាស្រ័យផលជាក់ស្តែងយូរមកហើយ.ដីដែលមិនមានទំនាស់.ដីដែលមានឯកសារបញ្ជាក់ពីរយៈពេលកាន់កាប់ និងអត្តសញ្ញាណច្បាស់លាស់.ការកាន់កាប់អាស្រ័យផលលើដីទំហំតូចៗជាលក្ខណៈគ្រួសារ។
អភិបាលស្រុកថ្លែងបញ្ជាក់ថា បើទោះបីជាត្រូវសិក្សាដើម្បីដោះស្រាយទំនាស់រ៉ាំរ៉ៃ ដែលអូសបន្លាយច្រើនឆ្នាំនៅក្នុងស្រុកនេះ ប៉ុន្តែចំពោះសំណង់ខ្ទមនិងផ្ទះ ដែលសាងសង់អមសងខាងផ្លូវឡើងទៅ លើខ្នងភ្នំគូលែនខុសច្បាប់ទាំងនោះ គឺនៅតែបន្តរុះរើចេញរហូតអស់ទាំងស្រុង។ ពីព្រោះតំបន់នោះជាឧទ្យានជាតិភ្នំគូលែន។ កាលពីកន្លងទៅ រដ្ឋបាលស្រុកបានចាត់វិធានការរុះរើអស់៤៩ខ្នងរួចមកហើយ។ ចឹងទេសំណង់ដែលនៅសល់ មិនថាតូចឬធំ ផ្ទះឬខ្ទម គឺត្រូវតែចាត់វិធានការ។
បើតាមលោកឃឹម ហ្វីណង់រយ:ពេល០៩ខែ ក្នុងអាណត្តិដែលរូបលោក ជាអភិបាលស្រុក មិនមានការសាង សង់ថ្មីនោះទេ។ សំណង់ខុសច្បាប់ដែលរីករាលទាំង នោះ គឺកើតមុនពេលរូបលោក ជាអភិបាលស្រុកបន្ទាយស្រី៕SRP




