ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី ១១ខែសីហាម្សិលមិញអញ្ជើញចុះពិនិត្យការដាំដើមឈើ (ប្រភេទឈើប្រណិត) នៅតាមសួនច្បារសាធារណៈក្នុងក្រុងកំពង់ចាម។គួរបញ្ជាក់ថា ដើម្បីចូលរួមកែលម្អសោភណភាពទីក្រុង បង្កើតជាតំបន់បៃតង ឲ្យសាកសមនឹងជ័យលាភីរំដួល៣ទង ដែលខេត្តកំពង់ចាមទទួលបានក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត ក៏ដូចជាដើម្បីជាការទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកលេងកំសាន្តនៅលើទឹកដីនៃដងទន្លេមេគង្គ លោក អ៊ុន ចាន់ដា បានណែនាំដល់មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រៀបចំដាំដើមឈើប្រណិតប្រភេទធ្នង់ ប្រមាណ១០០ដើម នៅតាមសួនច្បារផ្លូវព្រះមុនីវង្ស និងសួនច្បារតាមមាត់ទន្លេមេគង្គ ក្នុងក្រុងកំពង់ចាម។ ជាមួយគ្នានេះ លោក បានណែនាំដល់មន្ត្រីជំនាញ ពាក់ព័ន្ធចូលរួមថែរក្សា ដើមឈើដែលបានដាំផងដែរ៕SRP






