ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តកំពង់ចាម បានបានថ្លែងជំរុញឲ្យមន្ត្រីខិតខំទប់ស្កាត់នូវអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ។ លោកបន្តថាអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ គឺជាឧក្រិដ្ឋកម្មមួយដ៏ធ្ងន់ធ្ងរ ពោលគឺជនរងគ្រោះមួយចំនួនដែលធ្លាក់ចូលក្នុងអន្ទាក់នៃឧក្រិដ្ឋកម្មនេះ គឺអាចប្រឈមនឹងការបាត់បង់សតិ ញៀនគ្រឿងញៀន ក្លាយជាស្រី្តបម្រើសេវាផ្លូវភេទ និងកាន់តែអាក្រក់ជាងនេះទៅទៀតនោះ គឺការបាត់បង់អាយុជីវិត។ ដូច្នេះសូមឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ក៏ដូចជាអាជ្ញាធរក្រុង-ស្រុក មេត្តាអង្កេត និងធ្វើការកត់សម្គាល់នូវទំនោរនៃទម្រង់ក្នុងការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ក្នុងសម័យបច្ចេកវិទ្យា ដែលមេខ្យល់ ជនរងគ្រោះ អាណាព្យាបាលរបស់ជនរងគ្រោះ និងជនល្មើស បានធ្វើការទាក់ទងគ្នាតាមប្រព័ន្ធសង្គម ឬក្នុងទម្រង់ផ្សេងៗទៀត ដែលបញ្ចៀសពីការតាមដានពីក្រសែភ្នែករបស់សមត្ថកិច្ច។
លោកថ្លែងយ៉ាងដូច្នេះក្នុងឱកាសបើកអង្គសិក្ខាសាលា ស្តីពី «កិច្ចរបស់មន្រ្តីនគរបាលយុត្តិធម៌ក្នុងសំណុំរឿងជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ» កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២២០ នៅសណ្ឋាគារភ្នំប្រុស ក្រុងកំពង់ចាម។
លោក អ៊ុន ចាន់ដា បានថ្លែងថា អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងការបន្តរាតដ្បាតនៃជម្ងឺឆ្លងកូវីដ១៩ ជាសាកល គឺបានបង្កផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋ បានបន្តរុញច្រានឲ្យប្រជាពលរដ្ឋមួយចំនួនឲ្យជួបប្រទះនឹងបញ្ហាលំបាកផ្នែកជីវភាព និងងាយស្រួលចាញ់បោកការអូសទាញរបស់ មេខ្យល់ ដែលធ្វើការអូសទាញប្រជាពលរដ្ឋ ឲ្យធ្លាក់ខ្លួនទៅក្នុងអន្ទាក់នៃទម្រង់ជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ ដូច្នេះសូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងត្រូវធ្វើការពិនិត្យពិច័យលើករណីនេះ និងយកចិត្តទុកដាក់ក្នុងករណីដែលមានការអូសទាញណាមួយនាំឲ្យមានចំណាកស្រុកខុសច្បាប់ ឬនាំឲ្យមានការបំលាស់ទីដែលមានគោលដៅ។
លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានថ្លែងថា បញ្ហាជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ មិនមែនជាបញ្ហាផ្តាច់មុខរបស់ស្ថាប័នអយ្យការ ឬស្ថាប័ន អនុវត្តច្បាប់ (ស្នងការដ្ឋាន បញ្ជាការដ្ឋាន គណៈកម្មធិការ ឬរដ្ឋបាលខេត្ត)តែឯងនោះទេ ប៉ុន្តែ វាជាបញ្ហារួមរបស់យើងទាំងអស់គ្នា ហើយវាទាមទារការចូលរួមឲ្យកាន់តែសកម្មពីគ្រប់ភាគី និងតួអង្គដែលពាក់ព័ន្ធ ក្នុងគោលដៅ ការពារប្រជាពលរដ្ឋនៅក្នុងខេត្តរបស់យើង ហើយជាពិសេសជាងនេះទៅទៀត គឺការពារស្រ្តី និងកុមារ ដែលពួកគេជាជនងាយរងគ្រោះ និងងាយធ្លាក់ចូលក្នុងអន្ទាក់របស់ពួកមេខ្យល់ និងជនល្មើសនៃអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ៕SRP








