ខេត្តបន្ទាយមានជ័យ៖ក្នុងពេលអញ្ជើញប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅសាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៧ ខែកញ្ញា នេះ លោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងថាដើម្បីរក្សាបាននូវសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ស្នងការដែលទើបទទួលតំណែងថ្មី ត្រូវរឹតបន្តឹងសភាពការនៅតាមបន្ទាត់ព្រំដែន ដោយត្រូវសហការជាមួយភាគីថៃ ទប់ស្កាត់អោយបានរាល់បទល្មើសផ្សេងៗតាមបន្ទាត់ព្រំដែន ពិសេសករណីរត់ពន្ធគ្រឿងញៀន ដែលលជាចំណុចមួយដែលសមត្ថកិច្ចត្រូវធ្វើការទប់ស្កាត់ បង្ក្រាបអោយបានកុំអោយមានការហូរចូលមកទឹកដីកម្ពុជា នឹងត្រូវបន្តក្តាប់អោយបាននូវសភាពការតាមព្រំដែន ទប់ស្កាត់ការរត់ពន្ធទំនិញខុសច្បាប់ផ្សេងៗ ពិសេសការលួចឆ្លងដែនខុសច្បាប់របស់ពលករកម្ពុជា ដើម្បីទៅធ្វើការនៅប្រទេសថៃ។
នាយឧត្តមសេនីយ៍ នេត សាវឿន បានជំរុញអោយស្នងការដែលតែងតាំងថ្មីត្រូវចាត់ទុកខេត្តបន្ទាយមានជ័យ ជាខេត្តគំរូមួយ ទាំងការអនុវត្តវិន័យ ទាំងកងកម្លាំងអន្តរាគមន៍ ការចល័តទ័ព និងមធ្យោបាយប្រើប្រាស់ ជាពិសេសកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ជាគំរូល្អមួយក្នុងការចុះជួយប្រជាពលរដ្ឋ នៅពេលមានគ្រោះអាសន្នអន់ក្រ ដូចជាខ្យល់ព្យុះ ទឹកជំនន់ ប្រក់ផ្ទះ លើកផ្ទះ ជួយច្រូតស្រូវក្នុងទឹកជាដើម។
ក្នុងនាមជាស្នងការថ្មីត្រូវជួយដោះស្រាយទុកកង្វល់របស់ប្រជាពលរដ្ឋ អ្វីដែលជាទុក្ខព្រួយរបស់ប្រជាពលរដ្ឋ ករណីបទល្មើស លួច ឆក់ ប្លន់នៅក្នុងមូលដ្ឋាន ត្រូវតែអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ជួយទប់ស្កាត់បញ្ហាគ្រឿងញៀន ទប់ស្កាត់កុំអោយមានការរីករាលដាល ជាពិសេសខេត្តនៅជាប់ព្រំដែនផងនោះ ត្រូវជួយដោះស្រាយសំដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ ត្រូវជួយផ្សព្វផ្សាយអប់រំច្បាប់ និងអប់រំដល់អ្នកដែលកាន់ចង្កូតផ្ទាល់ ដើម្បីអោយពួកគាត់បានយល់រួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
សូមជម្រាបថា លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ត្រូវបានតែងតាំងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជំនួសលោកឧត្តមសេនីយ៍ទោ អាត់ ខែម ដែលត្រូវបានដាក់អោយចូលនិវត្តន៍ និងត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ៕SRP




