ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៅថ្ងៃច័ន្ទទី១៤ ខខែកញ្ញាព្រឹកមិញនេះ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពនៃការបាក់ស្រុតលូបង្ហូរទឹក ស្ថិតនៅក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម។
ការចុះពិនិត្យនេះ លោកអ៊ុន ចាន់ដា បានណែនាំឲ្យមន្ត្រីពាក់ព័ន្ធ ធ្វើការសិក្សាចំពោះបញ្ហានេះ ដេីម្បីជួសជុលបន្ទាន់ ដែលរងផលប៉ះពាល់ ចៀសវាងបង្កគ្រោះថ្នាក់ផ្សេងៗកេីតឡើងជាយថាហេតុ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង១២និង៣០នាទី រំលងអាធ្រាត្រ ចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ មានភ្លៀងមួយមេឃធំ បណ្តាលឲ្យបាក់លូបង្ហូរទឹកចូលទន្លេទំហំ៧ម៉ែត្រ គុណ១០ម៉ែត្រ នៅចំណុចមាត់ទន្លេ និងបណ្តាលឲ្យធ្លាក់ម៉ូតូ០១គ្រឿង ម៉ាកវ៉េវ តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។
បេីតាមការសន្និដ្ឋានរបស់មន្ត្រីជំនាញថា ការបាក់ស្រុតដីនេះអាចបណ្តាលមកពីប្រព័ន្ធលូបង្ហូរទឹកចេញពីក្រុងកំពង់ចាម ចូលក្នុងទន្លេដែលមានសភាពចាស់ទ្រុឌទ្រោម គឺជាប្រព័ន្ធលូសាងសង់តាំងពីសង្គមចាស់ ហើយមុនពេលកើតហេតុក៏មានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងក្រុងកំពង់ចាមនេះផងដែរ៕SRP



