ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខខែកញ្ញាព្រឹកមិញ បានធ្វើការចែកជីចំនួន៩តោន ជូនដល់ប្រជាកសិករចំនួន៩០គ្រួសារ នៅឃុំស្វាយខ្សាច់ភ្នំ និងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ដែលជាធាតុចូលកសិកម្ម សម្រាប់គាំទ្របណ្តុំអាជីវកម្ម នៃអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ខេត្តកំពង់ចាម។
ថ្លែងសំណេះសំណាលក្នុងពិធីនេះលោក អ៊ុន ចាន់ដា បានលើកឡើងថា ពលរដ្ឋដែលរស់នៅតំបន់តាមដងទន្លេមេគង្គ ភាគច្រើននិយមធ្វើការដាំដុះបន្លែរួមផ្សំផ្សេងៗ សម្រាប់ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ ដោយពីមុនដាំដុះតាមទម្លាប់ហើយសល់ពីហូបចុកទេីបយកទៅលក់ដូរនៅទីផ្សារ។ ដោយឡែកបច្ចុប្បន្ននេះ កសិករយើងមានបច្ចេកទេសត្រឹមត្រូវតាមរយៈការបណ្ដុះបណ្ដាលពីមន្ត្រីជំនាញ ក្នុងការដាំដុះសម្រាប់ធ្វើការប្រកួតប្រជែងនៅទីផ្សារនានា បន្ទាប់ពីមានការគាំទ្រផ្នែកបច្ចេកទេស និងការគាំទ្រចង្វាក់ទីផ្សារនាំចេញ។
អភិបាលខេត្តបានថ្លែងបន្តថា បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលពីមន្ត្រីជំនាញ សូមឲ្យបងប្អូនប្រជាពលរដ្ឋ ខិតខំយកចិត្តទុកដាក់ ក្នុងការដាំដុះបង្កបង្កើនផលដំណាំកសិកម្ម។
អភិបាលខេត្តក៏បានក្រេីនរំលឹកដល់ពលរដ្ឋ ឲ្យបន្តការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងសហការជាមួយអាជ្ញាធរទប់ស្កាត់បញ្ហាគ្រឿងញៀន ព្រមទាំងចូលរួមគោរពច្បាប់ចរាចរឲ្យបានខ្ជាប់ខ្ជួនផងដែរ៕SRP






