ខេត្តបាត់ដំបង៖សេចក្ដីរាយការណ៍បានឲ្យដឹងថាបនល្បែងស៊ីសងប្រភេទជល់មាន់ដ៏ធំមួយកន្លែង បានបើកលេងយ៉ាងគគ្រឹកគគ្រេង ដើម្បីស្វាគមន៍លោកស្នងការថ្មី លោកសាត គឹមសាន។
ទីតាំងល្បែងភ្នាល់ជល់មាន់នេះ នៅចំណុចភូមិស្ពង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង បានដំណើរការជាយូណាស់មកហើយ។ មានការលើកឡើងថាបនល្បែងស៊ីសងនេះអាចដំណើការបាន សង្ស័យថៅកែល្បែងបានបង់លុយឲ្យអធិការស្រុកសង្កែ និងស្នងការខេត្តទើបបើកលេងបានដោយរលូនគ្មានអ្នកបង្ក្រាប។
ប្រជាពលរដ្ឋបានលើកឡើងថានៅស្រុកសង្កែ តែងតែមានអំពើចោរកម្មកើតមានជាបន្តបន្ទាប់ ចាប់តាំងពីមានបនល្បែងជល់មានខាងលើនេះមក។ ពួកគាត់ថាល្បែងជល់មាន់នេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរយ៉ាងខ្លាំងដល់សន្តិសុខការរស់នៅរបស់ពួកគាត់។ ជាពិសេសបានកំពុងតែប៉ះពាល់ដល់គោលនយោបាយដល់ភូមិឃុំមានសុវត្ថិភាពផងដែរ។ ពាក់ព័ន្ធទៅនឹងការនេះ សៀមរាបប៉ុស្តិ៍ មិនអាចទាក់ទង លោកសាត គឹមសានស្នងការនគរបាលខេត្តបាត់ដំបងដើម្បីបំភ្លឺបានទេ។ ប៉ុន្តែអធិការនគរបាលស្រុកសង្កែ លោកស៊ុន សុវណ្ណ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញថា លោកមិនគាំទ្រឲ្យមានល្បែងក្នុងតំបន់លោកគ្រប់គ្រងទេ។ លោកថានឹងនាំកម្លាំងចុះទៅបង្ក្រាបភ្លាមបើនៅតែបើកលេងបន្តទៅទៀតដាច់ខាតមិនឲ្យកើតមានល្បែងស៊ីសងនោះទេ ហើយក៏មិនចូលចិត្តល្បែងស៊ីសងផងដែរ។
សូមជម្រាបថាកាលពីថ្ងៃទីកាលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ខេត្តបាត់ដំបងមានរៀបចំពិធីប្រកាសលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ឱ្យចូលកាន់តំណែងជាស្នងការនគរបាលខេត្ត ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ដែលចូលនិវត្តន៍។ ពលរដ្ឋសង្កេតឃើញថាចាប់តាំងពីលោកសាត គឹមសាន ចូលកាន់ជាស្នងការខេត្តមកឃើញថាបនល្បែងនៅខេត្តបាត់ដំបង ចាប់ផ្ដើមកើតមានយ៉ាងអនាធិបតេយ្យបំផុត មិនទាន់មានការបង្ក្រាបនៅឡើយទេ៕SRP





