ខេត្តកំពង់ចាម៖រដ្ឋមន្ត្រីក្រសួងកសិកម្ម វេង សាខុន បានណែនាំឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តតាមដានស្ថានភាពទឹកជំនន់នេះឲ្យបានជាប្រចាំ បង្កាក្រែងលិចសន្ទូងរបស់ប្រជាពលរដ្ឋ ក្នុងករណីមានការរលួយស្រូវ គឺត្រូវជួយចាត់ចែងធ្វើការផ្តល់ពូជស្រូវរយៈពេលខ្លីក្នុងការស្តារឡើងវិញនៅពេលទឺកស្រកនាពេលខាងមុខ ។ ដោយឡែក ម្ចាស់ស្រែក៏ត្រូវចុះពិនិត្យតាមដានអំពីបញ្ហានេះផងដែរ ពិសេសពេលទឹកស្រកត្រូវភ្លឺទប់តម្កល់ទឹកទុកក្នុងស្រែង ក្រែងទឹកហូរចេញអស់។
ថ្លែងយ៉ាងដូច្នេះនាឱកាសដឹកនាំសហការី ចុះទៅសំណេះសំណាលជាមួយពលរដ្ឋ ជាម្ចាស់ស្រែប្រមាណ ៤០០នាក់ ក្នុងវត្តសេរីកោះចំប៉ា នៅ ភូមិកោះចំប៉ា ឃុំព្រីងជ្រំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៦ខែតុលានេះ ដើម្បីពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង។
រដ្ឋមន្ត្រី វេង សាខុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹត្តបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងពីរជានិច្ចកាលតែងតែយកចិត្តទុកដាក់ គិតគូពីសុខទុក្ខ និងបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋ គ្រប់ពេលវេលា ជាពិសេសបងប្អូនដែលកំពុងទទួលរងនូវគ្រោះទឹកជំនន់ និងសម្តេចបានជូនពរឲ្យបងប្អូនទាំងអស់ចៀសផុតពីគ្រោះមហន្តរាយនេះផងដែរ។
បើតាមលោក វេង សាខុន ការចុះពិនិត្យស្ថានភាពជារួម គ្រោះទឹកជំនន់នេះ ពុំមានអ្វីគួរឲ្យបារម្ភ ដោយសារកម្រិតទឹកនៅទាប មិន ទាន់ប៉ះពាល់ដល់ការលូតលាស់សន្ទូងនៅឡើយ។ ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីបានឧបត្ថម្ភថវិកាសម្រាប់ម្នាក់ៗ ២០០០០រៀលផងដែរ៕SRP







