ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅរសៀលថ្ងៃទី២១ខែតុលានេះ បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលបណ្ដាល ឲ្យប៉ះពាល់ដល់ ហេដ្ឋារចនាសម្ពន្ធ័ មួយចំនួននិងលំនៅឋានរបស់បងប្អូន ប្រជាពលរដ្ឋ នៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម។
ក្នុងដំណើរអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះដែរលោកអ៊ុនចាន់ដា ជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានធ្វើការណែនាំដល់មន្ត្រីពាក់ព័ន្ធរួមនឹងអាជ្ញាធរមូលដ្ឋានធ្វើយ៉ាងណាត្រូវប្រឹងប្រែងឲ្យអស់ លទ្ធភាពក្នុងការរកវិធីសាស្ត្រដើម្បីដោះស្រាយបញ្ហាចំពោះមុខជូនប្រជាពលរដ្ឋជាបន្ទាន់ដោយត្រូវប្រើប្រាស់ គ្រឿងចក្រជីកកកាយជាចង្អូរបង្ហូរទឹកនោះចេញដើម្បីសម្រួលដល់ការធ្វើដំណើរក៏ដូចជាការរស់នៅរបស់ពលរដ្ឋ នៅតំបន់ នោះនិងចៀសវាង ខូចខាតធ្ងន់ធ្ងរ ដល់ហេដ្ឋារចនាសម្ពន្ធ័ផងដែរ។
បើតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានបង្ហាញថា ខេត្តកំពង់ចាម បានទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅតាមបណ្ដាក្រុង ស្រុក បង្កឲ្យមានការខូខាតនូវហេដ្ឋារចនាសម្ព័ន្ធ មួយចំនួន ដែលក្នុងនោះមាន ៖ ប៉ះពាល់ដំណាំស្រូវវស្សាចំនួន ៧៨៣ហ.ត (ក្នុងស្រុកជើងព្រៃ និងស្រុកស្ទឹងត្រង់)។ លិចផ្លូវកៅស៊ូប្រវែង ៧.៧០០ម៉ែត្រ និងខូចស្រទាប់គ្រឹះ ដាច់ចិញ្ចើមផ្លូវប្រវែង ៦.០០០ម៉ែត្រ ខូចផ្លូវក្រួសក្រហមប្រវែង ២.១០០ម៉ែត្រ ស្រុតប្រេះតួផ្លូវកៅស៊ូប្រវែង ៥៥ម៉ែត្រ បាក់លូរំដោះទឹកបណ្ដោយ ៧ម៉ែត្រ។ ក្រៅពីនោះ ជំនន់ទឹកភ្លៀង ក៏បានបង្កឲ្យលិចសាលារៀនចំនួន១៨កន្លែង (ប៉ុន្តែសាលាបានបើកឲ្យដំណើរការសិក្សាវិញហើយ ដោយសារទឹកជំនន់ លិចរយៈពេលខ្លី) និងបាក់របងសាលាបឋមសិក្សា និងអនុវិទ្យាល័យ ប្រវែង ៣០ម៉ែត្រ (នៅឃុំដងក្ដារ ស្រុកស្ទឹងត្រង់) ។ ទន្ទឹមនឹងផលប៉ះពាល់ នេះដែរ អាជ្ញាធរ និងស្ថាប័នជំនាញ ក៏បានចុះជួយអន្តរាគមន៍ និងដោះស្រាយតាមលទ្ធភាពបានមួយចំណែក ផងដែរ៕SRP












