ខេត្តសៀមរាប៖អាជ្ញាធរខេត្តបានដឹងថានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារក្រុមហ៊ុន អ៊ិនធេី ខនគ្រីត អ៊ិនវេសម៉ិន ខូ អិល ធី ឌី (ICI) បានយកគ្រឿងឧបភោគបរិភោគមួយចំនួនមានអង្ករ ៥០០គ.ក ត្រីខ ២៥យួរ , មីជាតិ ២៥កេសតូច, ទឹកត្រី ២៥យួរ , ទឹកសុទ្ធ ១០០យួរ និង ថវិកាមួយចំនួន ០២លានរៀល, មន្ទីរពហុព្យាបាល ៧៧៧ ខេត្តសៀមរាប ឧបត្ថម្ភថវិកា ០១លានរៀល និងក្រុមហ៊ុន Green Angkor Advertising Co.,Ltd ឧបត្ថម្ភ អង្ករ ០១តោន ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ក្រោមវត្តមានលោក ទៀ សីហា អភិបាលខេត្ត។
ក្នុងឱកាសទទួលអំណោយ
ទៀ សីហា ក៏បានធ្វើការថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌របស់ក្រុមហ៊ុន ICI មន្ទីរពហុព្យាបាល ៧៧៧ និងក្រុមហ៊ុន Green AngkorAdvertising Co.,Ltd ដែលបានផ្តល់អំណោយ ជាថវិកា និងគ្រឿងឧបភោគបរិភោគដល់រដ្ឋបាលខេត្តសៀមរាប ក្នុងពេលដែលមានស្រុកមួយចំនួនបានទទួលរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង។
លោកបានបន្តទៀតថា ក្នុងនាមជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់នូវវិធានការមួយចំនួនដល់គណៈ បញ្ជាការឯកភាពរដ្ឋបាលស្រុក ដើមី្បត្រៀមបង្ក ក្នុងការសង្រ្គោះប្រជាពលរដ្ឋ និងសត្វពាហនៈរបស់បងប្អូនទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងឲ្យយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពបងប្អូន និងមិនទុកឲ្យបងប្អូនណាម្នាក់ស្លាប់ដោយអាជ្ញាធរមិនដឹងនោះឡើយ។
លោកក៏បានសំណូមពរដល់ក្រុមហ៊ុន បន្តនូវប្រពៃណីចែករំលែកនេះ ទៅតាមបណ្តាខេត្ត ក្រុង ស្រុកផ្សេងទៀតដែលរងផលប៉ះពាល់ ហើយអំណោយទាំងនេះលោកនឹងយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះក្នុងពេលមានជំនន់ទឹកភ្លៀងនេះផងដែរ៕SRP



